កាលពីដើមឆ្នាំ ២០១៥ Zlatan Ibrahimovic ដែលកាលនោះ លេងនៅក្លឹបបារាំង PSG បានដោះអាវដើម្បីអបអរការស៊ុតបញ្ចូលទីរបស់ខ្លួន លេចចេញស្នាមសាក់ថ្មីៗជាច្រើន ដែលក្នុងនោះ ក៏មានស្នាមសាក់ជាភាសាខ្មែរថា “លីដា ឈើយ” ផងដែរ។ ប្រិយមិត្តភាគច្រើនប្រហែលជានៅចាំបាន តែក៏មានអ្នកមិនធ្លាប់បានឃើញផងដែរ។ តើហេតុអ្វីបានជាខ្សែប្រយុទ្ធស៊ុយអែតរូបនេះ សម្រេចសាក់ជាអក្សរខ្មែរ ហើយតើពាក្យថា “លីដា ឈើយ” ដែលសាក់នោះ ជាឈ្មោះអ្នកណា?
តាមពិតទៅ ពេលនោះ មិនត្រឹមតែប្រិយមិត្តស្រុកខ្មែរទេដែលឆ្ងល់ សូម្បីតែអ្នកមើលបាល់ទូទាំងពិភពលោកក៏ឆ្ងល់ស្រដៀងគ្នានេះដែរ ដោយសារតែ Ibrahimovic មិនមានស្នាមសាក់ច្រើនពេញខ្លួនអ៊ីចឹងទេ។ Zlatan បានចេញមកទម្លាយអាថ៌កំបាំងនាពេលនោះថា ការសាក់ឈ្មោះជាភាសាផ្សេងៗគ្នានេះ គឺដើម្បីគាំទ្រដល់កម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ។ ឈ្មោះ “លីដា ឈើយ” គឺជាឈ្មោះមួយ ក្នុងចំណោមឈ្មោះជាច្រើនទៀត ដែលត្រូវវបានសាក់បណ្ដោះអាសន្ន លើដងខ្លួន Zlatan។ ឈ្មោះទាំង៥០នាក់នោះ គឺជ្រើសចេញពីក្នុងចំណោមមនុស្ស ៨០៥លាននាក់ជុំវិញពិភពលោក ដែលកំពុងរងគ្រោះដោយកង្វះស្បៀងអាហារ។
Ibrahimovic បាននិយាយនាពេលនោះថា៖ “នៅពេលខ្ញុំដោះអាវពេលប្រកួតទល់នឹងក្រុម Caen គ្រប់ៗគ្នាបានសួរខ្ញុំអំពីស្នាមសាក់ថ្មីជាច្រើន។ ខ្ញុំមានស្នាមសាក់បណ្ដោះអាសន្ន (លុបជ្រះ) ចំនួន១៥ នៅលើដងខ្លួន ដែលស្នាមសាក់ទាំងនោះ គឺតំណាងឲ្យឈ្មោះមនុស្សពិតដែលបានរងគ្រោះដោយការអត់ឃ្លាននៅលើពិភពលោក។ ទោះបីជាស្នាមសាក់ត្រូវរលុបទៅវិញ តែមនុស្សទាំងនោះនៅតែមានជីវិត… ខ្ញុំសង្ឃឹមថាអ្នកអាចឃើញពួកគេតាមរយៈខ្ញុំ”។ ក្នុងចំណោមឈ្មោះដែលសាក់បណ្ដោះអាសន្នទាំងនោះ គេសង្កេតឃើញមួយចំនួន ដូចជា Carmen, Mariko, Antoine, លីដា ឈើយ, Rahma និង Yaae ជាដើម៕