Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បាតុកម្មកើតឡើងនៅទូទាំងអាមេរិក ពាក់ព័ន្ធការស្លាប់ជនជាតិស្បែកខ្មៅ

បាតុកម្មបានផ្ទុះឡើង នៅគ្រប់ទិសទី លើទឹកដី អាមេរិក ​ពាក់ព័ន្ធនឹងប៉ូលិសស្បែកសអាមេរិក សង្កត់កជនជាតិស្បែកខ្មៅ រហូតដល់ស្លាប់ ​​នៅទីក្រុង Minneapolis រដ្ឋមីននីសូតា (Minnesota) ហើយនៅពេលនេះ បាតុកម្មបានបន្ដរាលដាលដល់ទីក្រុងញូវយ៉កហើយ។

ប៉ូលិសនៅទីក្រុងញូវយ៉ក ក៏បានចាប់ខ្លួនបាតុករជាច្រើននាក់​ នៅតំបន់​ Brooklyn កាលពីថ្ងៃទី២៩ ខែឧសភា ហើយកម្លាំងសន្តិសុខក៏បានបិទផ្លូវមួយចំនួនផងដែរ​។ ក្រុមបាតុករមានសកម្មភាពហិង្សា ដោយបានគប់ ដបទឹក ទៅលើកម្លាំងសន្តិសុខ។

នៅទីក្រុង Atlanta ​ បាតុកម្ម​បង្កឲ្យមានភាពចលាចល ដោយបង្កឲ្យមានអគ្គិភ័យកើតឡើង ​នៅកណ្តាលទីក្រុង ជិតទីស្នាក់ការព័ត៌មាន ​CNN ។ រថយន្តជាច្រើនគ្រឿងត្រូវដុតបំផ្លាញ ក្នុងនោះមាន រថយន្តប៉ូលិស​មួយ​គ្រឿងផងដែរ​។ ក្រុមបាតុករ​បានវាយបំបែកកញ្ចក់ អគារ​របស់ CNN ​និងហាងលក់ទំនិញ​នានា ក្នុងតំបន់ ។

នៅតំបន់ Minneapolis ដែលជាកន្លែងចាប់ផ្តើម នៃបាតុកម្ម មន្ត្រីក្នុងតំបន់បានសម្រេចដាក់ទីក្រុងនេះក្នុងគ្រាអាសន្ន ចាប់ពីវេលាម៉ោង២០ ដល់ម៉ោង​៦ព្រឹក ឈានចូលថ្ងៃទី​៣០ ខែឧសភា ក្រោយពេលក្រុមបាតុករ ដុតបំផ្លាញស្នាក់ការប៉ូលិសក្នុងតំបន់​។

លោក​ Paul Selman យុវជនស្បែកខ្មៅម្នាក់ បានឲ្យដឹងថា​«យើងត្រូវការសន្តិភាព ។ ឪពុកម្តាយ តាយាយ របស់យើង ពិតជាហត់នឿយខ្លាំងណាស់ ដែលត្រូវឃើញកូនចៅស្លាប់គ្រប់ពេលវេលា ។ ដូច្នេះ យើងចាំបាច់ត្រូវតែស្វែងរកអនាគតល្អជាងនេះ»។

ក្រៅពីនេះ នៅតាមរដ្ឋជាច្រើន ទូទាំងអាមេរិក ក៏មានបាតុកម្មកើតឡើងដូចគ្នា ដោយក្រុមបាតុករបានស្រែកថា «គ្មានយុត្តិធម៌ គឺគ្មានសន្តិភាពនោះឡើយ »។ បាតុករខ្លះក៏បានលើកបដា ឲ្យបញ្ឈប់​ការរើសអើងទៅ​លើក្រុមជនជាតិស្បែកខ្មៅ​។

នៅទីក្រុងវ៉ាស៊ីនតោន ជិតសេតវិមានអាមេរិក ក៏បានបាតុកម្មកើតឡើងផងដែរ​ បង្ខំឲ្យកម្លាំងសន្តិសុខ ត្រូវបិទផ្លូវចូលទៅកាន់សេតវិមាន។ កម្លាំងសន្តិសុខ ក៏បានដាក់របាំងការពារខ្លាចក្រុមបាករបង្កហិង្សា៕ ប្រែ​សម្រួលដោយ៖​ MEO

from: https://tnaot.com/km/m/detail/article/9279537