ពិភពលោក នៅពេលក្រឡេកមើលមកទ្វីបអាស៊ី តែងតែគិតទៅលើកូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង និងជប៉ុន ប៉ុន្ដែនៅពេលនេះ គេក៏កំពុងតែសម្លឹងមើលទៅលើប្រទេសវៀតណាម មានប្រជាជន រហូតដល់ទៅជាង៩៧លាននាក់ បែរជាគ្រប់គ្រងស្ថានការណ៍វីរុសកូរ៉ូណា បានយ៉ាងល្អ ដោយមិនមានអ្នកជំងឺណាម្នាក់ស្លាប់ ដោយសារមេរោគដ៏សាហាវនេះឡើយ។
វៀតណាម បានចាប់ផ្ដើមរឹតបន្ដឹង និងបិទព្រំដែនជាមួយនឹងប្រទេសចិន ចាប់តាំងពីការផ្ទុះឡើង នៃវីរុសកូរ៉ូណាដំបូង នៅក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី នាភាគកណ្ដាល ប្រទេសចិន មកម៉្លេះ។ ក្រៅពីនេះ រដ្ឋាភិបាលហាណូយ មានវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ទើបអាចទប់ស្កាត់បានល្អ ដោយមិនមានអ្នកជំងឺណាម្នាក់ស្លាប់។
ធនគារពិភពលោក បានឲ្យដឹងថា ជាការគួរឲ្យកត់សម្គាល់នោះ វៀតណាម ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ដោយមានប្រព័ន្ធសុខាភិបាល នៅទន់ខ្សោយ ជាងបណ្ដាប្រទេសផ្សេងៗទៀត នៅក្នុងតំបន់។ បើគិតជាមធ្យម ប្រទេសនេះ មានវេជ្ជបណ្ឌិត ចំនួន៨នាក់ សម្រាប់ការព្យាបាលរៀងរាល់ប្រជាជន ១០ ០០០នាក់។
ក្រោយការបិទប្រទេស រយ:ពេល៣សប្ដាហ៍នោះមក វៀតណាម បានលើកលែងបទប្បញ្ញត្ដិ ស្ដីពីនៅឆ្ងាយពីសង្គម កាលពីចុងខែមេសា។ ប៉ុន្ដែក្នុងរយ:ពេលជាង៤០ថ្ងៃ មិនមានសេចក្ដីរាយការណ៍ ស្ដីពីការឆ្លងកូវីដ១៩នោះទេ។ រីឯសាលារៀន ក៏បានបើកដំណើរការឡើងវិញជាធម្មតា ហើយជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក៏វិលទៅរកភាពធម្មតាឡើងវិញដែរ។
យោងតាមអ្នកជំនាញវិស័យសុខាភិបាលសាធារណ: បានឲ្យដឹងថា ករណីនេះ ក៏មានកត្ដារួមផ្សំផងដែរ គឺរដ្ឋាភិបាលបានឆ្លើយតប តាំងពីដំបូង ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាល វិធានាការណែនាំ និង ការទំនាក់ទំនងសាធារណ: នៅដាច់ពីគ្នា ប្រកបដោយប្រសិទ្ធភាព។ កត្ដាទាំងអស់នេះ ទើបវៀតណាម គ្រប់គ្រងកូវីដ១៩បានល្អ និងមិនមានអ្នកជំងឺណាម្នាក់ស្លាប់ ដោយសារជំងឺដ៏សាហាវនេះឡើយ។
បើគិតមកដល់ថ្ងៃទី៣០ ខែឧសភា វៀតណាម មានអ្នកឆ្លងកូវីដ១៩ ចំនួន៣២៨នាក់ និងមិនមានអ្នកស្លាប់ តែមានអ្នកជាសះស្បើយ ចំនួន២៧៩នាក់៕ ប្រែសម្រួលដោយ Nuon