ដើម្បីចូលរួមជួយដល់វិស័យក្រសួងសុខាភិបាលកម្ពុជា ប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ ១៩ ទទួលបានជោគជ័យ TNAOT APP ដែលក្រុមហ៊ុនផ្តល់ជូនការកម្សាន្តបែបឌីជីថលដ៏ធំមួយនៅកម្ពុជា បានបន្តកិច្ចការមនុស្សធម៌របស់ខ្លួន ជាមួយសកម្មភាពផ្តល់ជូនម៉ាស់ និងទឹកអាល់កុលលាងដៃជូនសាធារណៈជន ដោយមិនគិតថ្លៃ។
ជាក់ស្តែង កាលពីថ្ងៃសុក្រម្សិលមិញនេះ TNAOT APP បានបន្តផ្តល់សម្ភារមួយចំនួនទៀត ជូនទៅកាន់សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា ដែលមានសមាជិកភាគច្រើន ជាអ្នករត់របរម៉ូតូឌុប កង់បី ឬតាក់ស៊ី ដែលពួកគាត់សុទ្ធតែប្រឈមខ្ពស់ឆ្លងកូវីដ ១៩ នៅពេលដែលមិនមានសម្ភារការពារគ្រប់គ្រាន់។
សកម្មភាពសប្បុរសធម៌នេះ មជ្ឈដ្ឋានសាធារណៈ ចាត់ទុកជាការរួមចំណែកទប់ស្កាត់ការចម្លងកូវីដ១៩ និងជួយកាត់បន្ថយការចំណាយថវិកាប្រចាំថ្ងៃ របស់ប្អូនមានរបរលើដងផ្លូវដូចជា ម៉ូតូឌុប កង់បី ឬតាក់ស៊ី បានមួយចំណែក។
បណ្តាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលទទួលបានអំណោយសម្ភារការពារខ្លួនពីកូវីដ ១៩ បានលើកឡើងពីផលវិបាកកន្លងមក ក៏ដូចជាថ្លែងអំណរគុណដល់ក្រុមហ៊ុន TNAOT APP ដែលតែងចុះជួយផ្តល់សម្ភារសម្រាប់ពួកគាត់ចំពេលវេលា។
លោក ហ៊ាង វិទ្យា ប្រធានសមាគមអាជីវករ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីសន្តិភាព លើកឡើងថា សកម្មភាពនេះ គឺដើម្បីដាស់តឿន និងបំផុសឱ្យមានវិធានការការពារ និងការរក្សាអនាម័យឱ្យបានជាប់ជាប្រចាំ។
នេះមិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុន TNAOT APP បានចុះចែកម៉ាស់ និងទឹកលាងដៃព្រោះជាហូរហែរ ក្រុមហ៊ុនបានប្រឹងប្រែងចូលរួមយ៉ាងខ្លាំង ជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ជំងឺកូវីដ ១៩ នៅកម្ពុជា ក្នុងនោះទាំងស្ថាប័នរដ្ឋមួយចំនួន សង្គមស៊ីវិល វិស័យឯកជន សិស្សានុសិស្ស រាប់ទាំងសាធារណជន។ ភាគច្រើនទទួលបានការចែកម៉ាស់ការពារខ្លួនពីក្រុមហ៊ុន TNAOT និងទទួលបានការសរសើរពីសកម្មភាពសប្បុរសរបស់ខ្លួន ខណៈតំណាងក្រុមហ៊ុន TNAOT APP ក៏បានបញ្ជាក់ដែរថា ក្រុមហ៊ុននឹងបន្តសកម្មភាពរបស់ខ្លួន រហូតទល់តែកម្ពុជាគេចផុតពីការឆ្លងរាតត្បាតកូវីដ ១៩ ដោយជោគជ័យ។ ដោយ៖ ឃួន លក្ខិណា