ប្រទេសធំៗនៅតំបន់អឺរ៉ុប បានសម្រេចបន្ធូរបន្ថយការរឹតត្បិត ដើម្បីបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ជាពិសេស គឺវិស័យទេសចរណ៍ ដែលជាប្រភពចំណូលដ៏សំខាន់ និងជួយផ្តល់ការងារធ្វើដល់ពលរដ្ឋបានជាច្រើនផងដែរ។
វិស័យឧស្សាហកម្មគ្មានផ្សែងនេះ ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងតំបន់ពិសេស គឺប្រទេសអេស្ប៉ាញតែម្តង។ ជារៀងរាល់ឆ្នាំ អេស្ប៉ាញបានស្វាគមន៍ភ្ញៀវទេសចរបរទេស រហូតដល់៨០លាននាក់ ហើយអេស្ប៉ាញ ជាប្រទេសដែលមានភ្ញៀវទេសចរច្រើនជាងគេបំផុត នៅលើពិភពលោក។
ប្រទេសក្នុងតំបន់អឺរ៉ុប ពិសេសគឺប្រទេសដែលមានចំនួនអ្នកឆ្លងកូវីដ១៩ច្រើនជាងគេ ដូចជា បារាំង អុីតាលី អេស្ប៉ាញ …ជាដើម បានបន្ធូរបន្ថយការរឹតត្បិត ដើម្បីដំណើរការសេដ្ឋកិច្ចឡើងវិញ។ បារាំង ក៏បានប្រកាសបើកវិស័យទេសចរណ៍ នៅដើមខែមិថុនានេះ ហើយពេលនេះអេស្ប៉ាញ ក៏បានប្រកាសបើកដូចគ្នាដែរ ពិសេស គឺវិស័យទេសចរណ៍ នៅក្នុងរដូវក្តៅ។
រដ្ឋមន្ត្រីក្រសួងការបរទេសអេស្ប៉ាញ លោកស្រី Arancha Gonzalez Laya បានប្រកាសថា វិស័យនេះរងការខាតបង់យ៉ាងខ្លាំង ដោយសារតែកូវីដ-១៩ ។ ក្នុងឆ្នាំ២០២០នេះ អេស្ប៉ាញ មិនអាចទទួលអ្នកទេសចរ ដូចរាល់ឆ្នាំឡើយ ដោយសារបញ្ហាសុខភាព យើងមិនត្រូវនាំជំងឺចូលពីបរទេសនោះឡើយ៕ ប្រែសម្រួលដោយ៖ MEO