កីឡាករ Sami Khedira បាននិយាយថា លេងនៅក្លិប Juventus ធ្វើឱ្យខ្លួនគេមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង។ ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់រូបនេះ បានផ្លាស់ចេញពីក្លិប Real Madrid ទៅចូលរួមជាមួយ Juventus នៅឆ្នាំ២០១៥។ រូបគេនឹងត្រូវអស់កុងត្រាជាមួយក្លិបសេះបង្កង់នៅឆ្នាំ២០២១។
ខ្សែបម្រើវ័យ ៣៣ឆ្នាំរូបនេះ បានជួយឱ្យ Juventus ឈ្នះពានរង្វាន់លីគកំពូល Serie A ចំនួន ៥សម័យកាល និងពានរង្វាន់ក្នុងស្រុកជាច្រើនទៀតផងដែរ។ សម្រាប់រដូវកាលនេះ Khedira បង្ហាញខ្លួនបានត្រឹម ១២ប្រកួត ប៉ុណ្ណោះឱ្យ Juventus ដោយសារមានបញ្ហារបួសជង្គង់។
ថ្មីៗនេះ Khedira បាននិយាយក្នុងប្រព័ន្ធ Instagram Q&A ជាមួយអ្នកគាំទ្ររបស់គាត់ថា “ខ្ញុំមានអារម្មណ៍ល្អណាស់ដែលបានលេងឱ្យក្រុមលំដាប់កំពូលនៅអ៊ីតាលីមួយនេះ។ ខ្ញុំនៅតែចង់ឈ្នះពានរង្វាន់ជាច្រើនទៀតជាមួយ Juventus ” ។
ម្ចាស់អាវលេខ៦ រូបនេះបានបន្តទៀតថា “ខ្ញុំបានត្រឡប់មកដូចដើមវិញហើយ បន្ទាប់ពីព្យាបាលរបួសរួចមក ដូច្នេះខ្ញុំសប្បាយចិត្តណាស់ក្នុងការលេងឱ្យក្រុមនៅ Turin ម្តងទៀត “៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore