ប្រិយមិត្ត Anarchak ប្រាកដជាធ្លាប់ឮហើយថាសត្វអណ្ដើកជាសត្វដែលមានអាយុវែង។ ថ្ងៃនេះយើងមកដឹងពីមូលហេតុទាំងអស់គ្នា ថាហេតុអ្វីបានជាអណ្ដើកមានអាយុវែងម្ល៉េះ?
បើប្រៀបនឹងសត្វដទៃ អណ្ដើកជាសត្វដែលមានអាយុវែងខ្លាំងណាស់ពោលគឺច្រើនជាងអាយុមនុស្សយើងទៅទៀតដោយវាអាចរស់ពីចន្លោះ ៣០ ឆ្នាំ ទៅ ជាង ១០០ ឆ្នាំឯណោះ។
មូលហេតុដែលវាអាចរស់នៅបានយូរអាចដោយសារថា វាជាសត្វពុំសូវសកម្មខ្លាំងដែលនាំឱ្យវាមិនសូវប្រើប្រាស់កម្លាំងកាយច្រើន ហើយវាក៏មានសម្បកការពារខ្លួនបានយ៉ាងសុវត្ថិភាពផងដែរ។
លើសពីនេះ អណ្ដើកមានកម្រិតចលនាមេតាបូលីសយឺតដែលនាំឱ្យការប្រែប្រួលរាងកាយរបស់វាមានរយៈពេលយឺត ហើយអាយុក៏យូរទៅតាមនោះដែរ។ នេះក៏ជាមូលហេតុដែលពួកវាអាចរស់នៅបានយូរដោយមិនបើទោះបីពេលខ្លះត្រូវខ្វះអាហារឬទឹករយៈពេលយូរក្ដី។
ម្យ៉ាងទៀតគួរឱ្យចាប់អារម្មណ៍ដែរនោះគឺថា តើហេតុអ្វីបានជាគេថាការបង្កកំណើតរបស់អណ្ដើកមានភាពខុសពីសត្វដទៃ?
ការបង្កកំណើតរបស់អណ្ដើកមានភាពខុសពីសត្វដទៃត្រង់ថាចំពោះប្រភេទអណ្ដើកមួយចំនួន ភេទរបស់កូនវាត្រូវបានកំណត់ដោយសីតុណ្ហភាពបរិយាកាសដែលវារស់នៅ។
បើសិនជាវានៅក្នុងកន្លែងដែលមានសីតុណ្ហភាពទាបនោះកូនវានឹងមានភាគរយច្រើនជាកូនឈ្មោល។ បើសិនវានៅក្នុងកន្លែងដែលមានសីតុណ្ហភាពខ្ពស់នោះកូនវានឹងមានភាគរយច្រើនជាកូនញី។
ម្យ៉ាងទៀតក្រោយវាបង្កើតពងគឺវាកប់ពងរបស់វានៅក្នុងខ្សាច់ហើយចាកចេញចោលពងទាំងនោះ ដោយទុកឱ្យវាញាស់ដោយខ្លួនឯង ដោយមិននៅចាំថែរក្សាឡើយ។ ពេលដែលកូនវាញាស់ចេញពីពង វាវារចូលទឹកហើយរកចំណីចិញ្ចឹមជីវិត និងការពារខ្លួនដោយឯកឯង៕