ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាផ្លូវការលើបណ្តាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ ថា ប្រាក់ដុល្លាក្រដាសតូចនៅតែចាយបានដូចធម្មតា។
សម្តេចប្រមុខរាជរដ្ឋាភិបាលបានសរសេរថា “ខ្ញុំសូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសអោយបានជ្រាបបន្ថែមលើការប្រកាសរបស់ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២០ ម្សិលមិញនេះ គឺបានបញ្ជាក់ច្បាស់ហើយថា ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ $១, $២, និង $៥ គឺនៅតែចាយបានធម្មតានៅលើទីផ្សារទូទាំងប្រទេស គឺមិនមានការហាមប្រាមមិនអោយចាយដូចពាក្យចចាមអារាមនោះទេ។ ក្នុងករណីប្រសិនបើមានការបញ្ឈប់អោយចរាចរណ៍ចាយលុយក្រដាសប្រាក់អាមេរិកប្រភេទខាងលើនេះ គឺប្រាកដជាមានសេចក្តីប្រកាសជាផ្លូវការពីធនាគារជាតិនៃកម្ពុជាមិនខាន”។
ការប្រកាសរបស់ម្តេចនាយករដ្ឋមន្ត្រី ធ្វើឡើងក្រោយពេលមានប្រជាពលរដ្ឋនៅតាមមូលដ្ឋានមួយចំនួន មានការយល់ច្រឡំចំពោះការចរាចរណ៍ក្រដាសប្រាក់ដុល្លា ពី១ ដល់៥ ដុល្លាអាមេរិក ដោយគិតថា គេលែងទទួល ឬលែងចាយដូចធម្មតាទៀតហើយ។ ជុំវិញបញ្ហានេះ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា ការប្រមូលក្រដាសប្រាក់ដុល្លាប្រភេទតូចៗ មកកាន់ធនាគារជាតិ មិនមែនមាន័យថា ហាមឃាត់ចរាចរណ៍ក្រដាសប្រាក់ដុល្លាអាមេរិកប្រភេទតូចៗទាំងនោះឡើយ៕ ដោយ៖ ប៊ុនធឿន