សារព័ត៌មានរ៉យទ័របានផ្សាយកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ថា មន្ទីរបញ្ចកោណបានប្រកាសកាលពីថ្ងៃទី២៨ ខែឧសភាថា ក្រសួងការបរទេសអាមេរិកបានយល់ព្រម ទៅលើលទ្ធភាពលក់ប្រព័ន្ធការពារអាកាស និងមីស៊ីល Patriot (ប៉ាទ្រីយ៉ូត) ដែលមានតម្លៃជាង ១,៤ ពាន់លានដុល្លារ ឲ្យដល់ប្រទេសគុយវ៉ែត ។
ទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខ ការពារជាតិរបស់មន្ទីរប៉ង់តាហ្គោនបានប្រកាសថា ក្រសួងការបរទេសបានអនុម័តការលក់មីស៊ីលស្ទាក់ចាប់ចំនួន៨៤ដើម ដែលមានឈ្មោះថា Patriot Advanced Capability Enemcements (MSEs) និងឧបករណ៍ដែលពាក់ព័ន្ធដទៃផ្សេងទៀត ក្នុងតម្លៃប្រហែល ៨០០ លានដុល្លារ ។
ក្រៅពីប្រព័ន្ធស្ទាក់ចាប់ថ្មីនេះ, ក្រសួងការបរទេសអាមេរិក ក៏បានអនុម័ត ការជួសជុល និងធ្វើឱ្យប្រសើរឡើងដល់ប្រព័ន្ធមីស៊ីល Patriot (ប៉ាទ្រីយ៉ូត) ដែលមានស្រាប់របស់កូវ៉ែតផងដែរ ។
ក្រុមហ៊ុន Lockheed Martin និង Raytheon Technologies គឺជាអ្នកម៉ៅការដ៏សំខាន់អភិវឌ្ឍន៍ប្រព័ន្ធរ៉ាដា, ឧបករណ៍សម្រាប់បាញ់ប៉ាទ្រីយ៉ូត និងកម្មវិធីហោះទៅស្ទាក់ចាប់ ដែលមាននៅក្នុងប្រព័ន្ធមីស៊ីល ប៉ាទ្រីយ៉ូត ទាំងនោះ ។
កំណត់ហេតុស្តីអំពីការលក់អាវុធទៅឲ្យបរទេសនេះ ត្រូវបានផ្ញើជូនទៅកាន់សភាអាមេរិកហើយ ។ ប៉ុន្តែយ៉ាងណាក៏ដោយ គេមិនបានបង្ហាញនោះទេថា តើកិច្ចសន្យារត្រូវបានចុះហត្ថលេខារួចរាល់ហើយ ឬក៏កំពុងស្ថិតនៅក្នុងដំណាក់កាលចរចានោះទេ ៕ ប្រែសម្រួលដោយ៖ thach yat