គិតមកដល់ថ្ងៃទី២៩ ខែឧសភានេះ ថៃមានអ្នកឆ្លងកូវីដ១៩ សរុប ៣០៧៦នាក់ និងស្លាប់ ៥៧នាក់ ។ ក្នុងចំណោមអ្នកឆ្លងមានអ្នកព្យាបាលជាសះស្បើយ ហើយវិលត្រឡប់ទៅផ្ទះវិញ មានរហូតដល់ទៅ២៩៤៥ នាក់ ។
បើតាមគម្រោង នៅដើមខែមិថុនា ខាងមុខនេះ ថៃនឹងបន្តបន្ធូរបន្ថយច្បាប់គ្រាមានអាសន្ន ដំណាក់កាលទី៣ ហើយរដ្ឋាភិបាលមានគម្រោងលុបច្បាប់គ្រាមានអាសន្នទាំងស្រុង នៅថ្ងៃ ទី១ ខែកក្កដា ។
នៅថ្ងៃទី២៩ ខែឧសភា អគ្គលេខាធិការគណៈកម្មការសន្តិសុខជាតិថៃ ឧត្តមសេនីយ៍ Somsak Roongsita បានប្រកាសថា គម្រោងលុបច្បាប់គ្រាមានអាសន្ន ផ្តល់ការរស់នៅដល់ពលរដ្ឋ ដូចដើមវិញ នៅដើមខែកក្កដាឆ្នាំ២០២០។
ឧត្តមសេនីយ៍ Somsak Roongsita បានប្រកាសឲ្យដឹងថា គម្រោងបើកប្រទេសឡើងវិញ មាន៤ដំណាក់កាល ដែលត្រូវអនុវត្តក្នុងរយៈពេល២ខែ ។ មជ្ឈមណ្ឌលគ្រប់គ្រងទប់ស្កាត់កូវីដ១៩ របស់រដ្ឋាភិបាលថៃ (CCSA) បានប្រកាសឲ្យដឹងថា បញ្ជីឈ្មោះបណ្តាលក្រុមហ៊ុន ដែលអនុញ្ញាតឲ្យបើកទ្វារឡើងវិញ នៅដើមខែមិថុនា បានរៀបចំរួចរាល់ហើយ នៅថ្ងៃទី២៩ ខែឧសភានេះ។
ប៉ុន្តែដើម្បីទប់ស្កាត់ការឆ្លង ជាលើកទីពីរ ក្រសួងសុខាភិបាលថៃ មានវិធានការតាមដានតាមដាន និង អនុវត្តច្បាប់នៅគម្លាតពីគ្នាឲ្យបានល្អបំផុត។ បើពលរដ្ឋមិនមានវិធានការការពារខ្លួនឯងនោះទេ អាចនឹងមានរលកឆ្លងកូវីដ ១៩ ជាលើកទីពីរ ជាមិនខានឡើយ៕ ប្រែសម្រួលដោយ៖ MEO