ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យល់ឃើញថា ក្រុមហ៊ុនបានទទួលការអនុញ្ញាតធ្វើការអភិវឌ្ឍលើដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល មានទីតាំងនៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី សម្រាប់ធ្វើការដាំដុះដំណាំឧស្សាហកម្ម មានការយឺតយ៉ាវលើការអនុវត្តផែនការ សកម្មភាពដែលបានឯកភាពជាមួយក្រសួង។
នេះបើតាមលោក វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងក្នុងពេលជួបសម្តែងការគួសមជាមួយ នាយកក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ជ័ញ ស្តុក នៅទីស្តីការក្រសួង នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ។
លោករដ្ឋមន្ត្រី បានជំរុញឲ្យ ក្រុមហ៊ុនពិនិត្យពិចារណាឱ្យបានល្អិតល្អន់ គ្រប់ជ្រុងជ្រោយឡើងវិញលើឯកសារ បច្ចេកទេស គតិយុត្ត សារាចរណែនាំ និងសេចក្តីសម្រេច និងការណែនាំដែល ចេញដោយក្រសួង ដើម្បីចៀសវាងបាតុភាពអវិជ្ជមានណាមួយដែលអាចកើតមានឡើង។
លោក វេង សាខុន បានធ្វើការណែនាំដល់ក្រុមហ៊ុនឱ្យយកចិត្តទុកដាក់អនុវត្តន៍ផែនការសកម្មភាព ដែលក្រសួងបានឯកភាពឱ្យបានពេញលេញ ទាន់ពេល និងមានប្រសិទ្ធភាព ដើម្បីចៀសវាងបាតុភាពអសកម្ម។ លោករដ្ឋមន្រ្ដីបានបន្ថែមថា ក្រុមហ៊ុនត្រូវចូលរួមសហការឱ្យបានល្អប្រសើរជាមួយអគ្គលេខាធិការដ្ឋានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីបំពេញបែបបទស្នើសុំអនុវត្តន៍ ផែនការសកម្មភាពអនុវត្តន៍គម្រោងបន្ត ដោយមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងឱ្យខានតែបាននូវរាល់សកម្មភាពណាដែលខុសច្បាប់។
ជាការឆ្លើយតប តំណាងក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ជ័ញ ស្តុក បង្ហាញការរីករាយទទួលយកអនុសាសន៍ របស់លោករដ្ឋមន្រ្តីទៅអនុវត្តន៍ ហើយបានសន្យាថា នឹងចូលរួមសហការអនុវត្តន៍ឱ្យបានពេញលេញលើឯកសារ គតិយុត្ត ធ្វើយ៉ាងណាឱ្យគម្រោងវិនិយោគនេះសម្រេចទទួលបានជោគជ័យតាមការគ្រោងទុក៕ ដោយ៖ ប៊ុនធឿន