ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវបានសាច់ញាតិ និងក្រុមគ្រូពេទ្យប្រទះឃើញដេកដួលស្លាប់ក្នុងបន្ទប់ទឹកក្នុងមន្ទីរសំរាកនិងព្យាបាលសម្ភពអ៊ីលីត។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅក្នុងសម្ភពអ៊ីលីតផ្លូវលេខ៧c អាគារលេខ៤៤៨ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពស្ត្រីរងគ្រោះខាងលើមានឈ្មោះ លីម រដ្ឋា អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅស្រុកព្រះស្តេច ខេត្តព្រៃវែង។ តាមប្រភពព័ត៌មានពីក្រុមគ្រួសារសាច់ញាតិស្ត្រីរងគ្រោះខាងលើបានឲ្យដឹងថា ស្ត្រីខាងលើនេះត្រូវបានក្រុមគ្រួសារដឹកយកមកវះយកកូនចេញ នៅសម្ភពអ៊ីលីតនេះ។ តាំងពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ពោលគឺបានរយៈពេល ២ថ្ងៃមកហើយ ស្រាប់តែនៅព្រឹកថ្ងៃកើតហេតុក្រុមគ្រួសារក៏បានប្រទះឃើញស្ត្រីរូបនេះដេកដួលស្លាប់នៅក្នុងបន្ទប់ទឺក។
ក្នុងហេតុការណ៍ស្លាប់ស្ត្រីខាងលើនេះ ម្ចាស់គ្លីនិកព្យាយាមលួងលោមក្រុមគ្រួសារសាច់ញាតិ និងសងសំណងជំងឺចិត្តបំបិទរឿង មិនចង់ឲ្យមានការបែកធ្លាយព័ត៌មានករណីស្លាប់ស្ត្រីខាងលើនេះនៅមន្ទីរសំរាកព្យាបាល និងសម្ភពអ៊ីលីតនោះទេ និងយករថយន្តដឹកសពត្រលប់ទៅស្រុកកំណើត ដើម្បីឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ សួង សាម