គ្រប់សត្វឆ្មាទាំងអស់គឺសុទ្ធតែមានញាណពិសេសលើសសត្វដទៃតែឆ្មាសម្បុរបីកាន់តែមានញាណពិសេស និងគួរឱ្យខ្លាចជាងឆ្មាធម្មតាទូទៅទៀត។
បច្ចុប្បន្ននេះ ឆ្មាសម្បុរបីហាក់ដូចជាផុតពូជទៅហើយ គេមិនសូវបានឃើញឡើយហើយក៏កម្រនឹងបង្ហាញវត្តមានឱ្យមនុស្សទូទៅបានឃើញដែរ។
ពីព្រោះតែនៅពេលកំណើតឆ្មាសម្បុរបី ឪពុករបស់ឆ្មានេះ នឹងមកខាំសម្លាប់ចោលមួយរំពេចបណ្ដាច់ពូជ។ ម្ល៉ោះហើយឆ្មាដែលនៅសេសសល់នោះសុទ្ធតែបានគេចរួចជីវិតពីឪពុកបង្កើតរបស់ខ្លួនប្រហារ។
គេជឿថាមូលហេតុដែលឆ្មាបាតែងតែមកខាំសម្លាប់ឆ្មាសម្បុរបីទើបកើតថ្មីនេះដោយសារតែវាចង់ផ្ដាច់ពូជសម្បុរបីចោលព្រោះវាគិតថាពូជសម្បុរបីនេះមានរាសីខ្ពស់ជាងឆ្មាទាំងអស់ហើយក៏អាចបង្កគ្រោះថ្នាក់ដល់ពូជឆ្មារបស់វានៅថ្ងៃក្រោយដែរ។
ឆ្មាពឹងទៅលើមនុស្សជាអ្នកឱ្យចំណីមិនចេះរកស៊ីដោយខ្លួនឯងនោះទេដូច្នេះប្រសិនបើមានពូជឆ្មាណាដែលធ្វើឱ្យមនុស្សខ្លាចក្រែងរអាប៉ះពាល់ដល់ពូជឆ្មាទៅដល់ហើយទើបបានជាវាព្យាយាមលុបបំបាត់ពូជសម្បុរបីនេះចោល។
គេជឿថាឆ្មានេះកើតមកដោយមានវិញ្ញាណខ្មោចឆ្មាជាច្រើនចូលសណ្ឋិតក្នុងខ្លួនផង។ ហើយប្រសិនបើឆ្មាសម្បុរបីនេះហក់រំលង សពណាមួយដែលមិនទាន់យកទៅបូជា សពនោះនឹងងើបឡើងហើយបង្កគ្រោះចង្រៃដល់អ្នកជុំវិញព្រោះឆ្មានេះបានផ្ទេរព្រលឹងមួយក្នុងចំណោមព្រលឹងជាច្រើនរបស់វាឱ្យទៅសពនោះ ហើយកើតជាខ្មោចឆៅ។
បែបនេះទើបជំនឿខ្មែរយើងការពារដាច់ខាតមិនឱ្យមានឆ្មាទៅក្បែរសពឡើយដោយខ្លាចវាហក់គន្លងជាយថាហេតុ។
ឯងជំនឿមួយទៀតនោះអ្នកដែលធ្លាប់បានចិញ្ចឹមឆ្មាសម្បុរបីជាច្រើននាក់បានឱ្យដឹងថានៅរៀងរាល់រាត្រីគេកត់សម្គាល់ឃើញឆ្មាសម្បុរបីនេះដើរទៅទីងងឹតណាមួយហើយហាក់ដូចជាកំពុងតែទាក់ទងជាមួយនឹងព្រលឹងអរូបដែលមនុស្សធម្មតាមើលមិនឃើញ។
មានយប់ខ្លះគេឮដូចជាសំលេងមនុស្សស្រីយំដោយក្តីឈឺចាប់តែពេលទៅពិនិត្យមើលគឺជាឆ្មារសំបុរបីសោះ។
លោក ប្រាក់ ឧសភា បានរៀបរាប់រឿងពិត ដ៏ព្រឺស្បែកមួយឲ្យក្រុមការងាររាត្រីរន្ធត់ដឹងថា,
កាលពីលោកនៅជនបទលោកធ្លាប់បានដើរពីផ្ទះបងស្រីទៅផ្ទះខ្លួនជារៀងរាល់យប់ ដើម្បីទៅមើលយាយដែលកំពុងតែដេកឈឺដែលផ្ទះទាំងពីរនៅមិនឆ្ងាយពីគ្នាប៉ុន្មានឡើយ។
តែមានយប់មួយខណៈដែលលោកកំពុងតែដើរត្រឡប់មកផ្ទះវិញស្រាប់តែឮសំឡេងទារកស្រែកយំនៅក្នុងព្រៃក្បែរនេះ។
លោកងឿងឆ្ងល់ក៏បានដើរតាមប្រភពសំឡេងហើយពេលវែងបើកព្រៃមើលស្រាប់តែមានឆ្មាសម្បុរបីមួយភ្នែកភ្លឺចាំង ហក់មកសង្គ្រប់ខ្វាចផ្ទៃមុខលោកបណ្ដាលឱ្យបែកឈាមដោយមុតក្រចក។ រួចឆ្មានោះក៏បានរត់បាត់ទៅភ្លាមៗ។
ក្នុងរាត្រីនោះឯង លោកចេះតែមានអារម្មណ៍ថាមានអ្វីមិនល្អកើតឡើងហើយក៏បានត្រឡប់ទៅផ្ទះបងស្រីដើម្បីមើលថែជីដូនពេញមួយយប់។ តែពេលកំពុងតែមានអារម្មណ៍ថាងងុយគេងខ្លាំងស្រាប់តែឃើញឆ្មាសម្បុរបីមួយលោតពីបង្អួចរំលងរាងកាយលោកយាយកំពុងតែដេកសម្រាកហើយភ្លាមនោះលោកយាយក៏បានដាច់ខ្យល់ទទួលមរណភាពភ្លាមៗ។
គេមានជំនឿយ៉ាងមុតមាំទៀតថាឆ្មាសម្បុរបីនេះអាចដកព្រលឹងក្លែងជាមនុស្សហើយនាំបុរសណាដែលល្មមនឹងកាន់អាហារចូលទៅតាមព្រៃរួចក៏នឹងសម្លាប់ជីវិតបុរសនោះឲ្យក្ស័យសង្ខារហើយឆ្មាសម្បុរបីនេះចូលរូបវិញរួចនឹងស៊ីសាកសពមនុស្សទាល់តែអស់។
ដូច្នេះបុរសទាំងឡាយប្រយ័ត្នគ្រោះថ្នាក់ដោយការបំភ័ន្តភ្នែកជារូបស្រីស្អាតដើម្បីប្រហារជីវិតអសាបង់។
ហើយចំពោះអ្នកដែលវាយ ឬសម្លាប់ឆ្មាសម្បុរបីវិញ នឹងត្រូវទទួលតែភាពវិនាសអន្តរាយក្ដៅក្រហាយរកសុខមិនឃើញ។