នាវាពិឃាតពាក់ដោយប្រព័ន្ធកាំជ្រួចមីស៊ីលនាំផ្លូវ USS Mustin របស់កម្លាំងជើងទឹកអាមេរិកបានធ្វើនាវាចរណ៍ឆ្លងកាត់ដែនកោះប៉ារ៉ាសែល (Paracel) នៅដែនសមុទ្រចិនខាងត្បូង កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ហើយអ្វីដែលត្រូវបានគេចាត់ទុកថា ជាការប្រឆាំងនឹងអាមេរិក ចំពោះការគ្រប់គ្រងទឹកដី នៅក្នុងតំបន់របស់ចិន។
បើតាមការចេញផ្សាយរបស់គេហទំព័រ Taiwannews បញ្ជាក់ថា នាវាពិឃាត ប្រភេទ Arleigh Burke-class USS Mustin បំពាក់កាំជ្រួចមីស៊ីលនាំផ្លូវ បានធ្វើនាវាចរណ៍ ក្នុងចម្ងាយប្រហែល១២គីឡូម៉ែត្រ ពីដែនកោះ Woody និង Pyramid Rock ដែលចិនអះអាងថា ស្ថិតក្នុងដែនអធិបតេយ្យរបស់ចិន។ នេះបើតាមមន្ត្រីជើងទឹកអាមេរិកមួយរូប បានលើកឡើង។
អនុសេនីយ៍ទោ Anthony Junco អ្នកនាំពាក្យកងនាវាចរណ៍ទី៧របស់កម្លាំងជើងទឹកអាមេរិក បានថ្លែងថា «ប្រតិបត្តិការនេះ ដើម្បីឆ្លុះបញ្ចាំងឲ្យឃើញថា ដែនទឹកទាំងនេះ មិនមែនស្ថិតនៅផ្តាច់មុខ ឬស្ថិតក្នុងដែនអធិបតេយ្យប្រទេសណាមួយឡើយ» ។
ទំនាក់ទំនង រវាងអាមេរិក និងចិន ហាក់បាននិងកំពុងយ៉ាប់យឺន ជាពិសេសទាក់ទងនឹងបញ្ហាឆ្លងរាតត្បាតវីរុសកូវីដ១៩ និងបញ្ហាច្បាប់សន្តិសុខជាតិហុងកុងរបស់ទីក្រុងប៉េកាំង។ ថ្មីៗនេះ អាមេរិក បានចាត់ទុកថា ជាសកម្មភាពមិនមានសុវត្ថិភាព និងមិនមែនជាលក្ខណៈអាជីព ចំពោះនាវាចិនមួយគ្រឿង ដែលបានធ្វើសកម្មភាពនោះ៕ ប្រែសម្រួលដោយ៖ thach yat