រដ្ឋសភាអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែឧសភា បានបោះឆ្នោតគាំទ្រលោក Mohammad-Bagher Ghalibaf ឡើងកាន់តំណែងជាប្រធានរដ្ឋសភាថ្មី ដែលជាតំណែងមានឥទ្ធិពល នៅក្នុងប្រទេសនេះ។
បណ្ដាញទូរទស្សន៍ជាតិអុីរ៉ង់ បានផ្សាយថា អតីតអភិបាលក្រុងវ័យ៥៨ឆ្នាំ ទទួលបានសំឡេងគាំទ្រ រហូតដល់២៦៧ ទល់នឹងសំឡេងប្រឆាំង២៣៦ ជួយឲ្យលោកក្លាយជា ប្រធានរដ្ឋសភាថ្មី ជំនួសលោកAli Larijani ដែលកាន់តំណែងប្រធានរដ្ឋសភា ចាប់ពីឆ្នាំ២០០៨ រហូតមកទល់នឹងពេលនេះ។
លោក Ghalibaf ធ្លាប់ចូលរួមប្រកួតប្រជែងតំណែងប្រធានាធិបតីអុីរ៉ង់ ចំនួន៣លើករួចមកហើយ។ លោកធ្លាប់កាន់តំណែងជាអភិបាលក្រុង ចន្លោះពីឆ្នាំ២០០៥-២០១៧។ លោកក៏ធ្លាប់កាន់តំណែងជាស្នងការប៉ូលិស និងជាសមាជិកកម្លាំងទាហានបដិវត្តន៍អ៊ិស្លាមអុីរ៉ង់ ផងដែរ ហើយលោកត្រូវបានបោះឆ្នោត នៅក្នុងសភា កាលពីខែកុម្ភៈកន្លងមក។
តំណែងប្រធានរដ្ឋសភាអុីរ៉ង់ ត្រូវបានគេចាត់ទុកថាជាតំណែងដែលមានឥទ្ធិពលបំផុត នៅក្នុងប្រទេសនេះ។ ប្រធានរដ្ឋសភា នៅមានកៅអីមួយទៀត នៅក្នុងគណៈកម្មការសេដ្ឋកិច្ចជាន់ខ្ពស់ រួមជាមួយប្រធានាធិបតី និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌៕ ប្រែសម្រួលដោយ៖MEO