បើតាមការចេញផ្សាយរបស់ប្រភពព័ត៌មាន បានបញ្ជាក់ថា ក្រុមឧទ្ទាមជ្រុលនិយម មកពីអម្បូរ Al-Shabaab និងមានភក្តីភាពស្មោះស្ម័គ្រជាមួយក្រុមភេរវកម្មអាល់កៃដានោះ បានធ្វើសកម្មភាពចាប់ជំរិត និងសម្លាប់គ្រូពេទ្យយ៉ាងតិច៩នាក់ ស្ថិតនៅភាគខាងត្បូងរបស់ប្រទេសសូម៉ាលី ។
សារព័ត៌មាន Hiiraan បានផ្សាយ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ថា សាកសពរបស់គ្រូពេទ្យទាំងនោះត្រូវបានរកឃើញ នៅជិតរដ្ឋធានី Balad ខេត្ត Middle Shabelle ។ ទោះជាំយ៉ាងណាក៏ដោយ ទាក់ទងនឹងបញ្ហានេះ រដ្ឋាភិបាល HirShabelle របស់សូម៉ាលី នៅមិនទាន់ចេញសេចក្ដីថ្លែងការណ៍ផ្លូវការណាមួយនៅឡើយ។
បើតាមការចេញផ្សាយរបស់ប្រភព Garowe បានបញ្ជាក់ដែរថា ជនរងគ្រោះជាគ្រូពេទ្យទាំងនោះ សុទ្ធតែនៅវ័យក្មេង ដែលបម្រើការនៅមជ្ឈមណ្ឌលសុខាភិបាល ស្ថិតក្នុងទីក្រុង Bal’ad និង Galoley ខេត្ត Middle Shabelle ។
គួរបញ្ជាក់ថា ក្រុមឧទ្ទាម Al-Shabaab ពីគ្រាមុនកន្លងមក សកម្មភាពរបស់ពួកគេវាយប្រហារភេរវកម្មទៅលើបុគ្គលិកសុខាភិបាល ។ ពួកនេះវាយប្រហារភេរវកម្ម នៅតាមទីកន្លែងផ្សេងៗ ពាសពេញប្រទេស ។
សូម៉ាលី ជាប្រទេសញាំញី និងច្របូកច្រល់ដោយអំពើហិង្សា ជាពិសេស ចាប់តាំងពីពេលផ្ទុះសង្គ្រាមស៊ីវិល រវាងក្រុមប្រដាប់អាវុធ នៅដើមទសវត្សរ៍១៩៩០ ។ ស្ថានភាពកាន់តែស្មុគស្មាញបន្ថែមទៀតដោយសារលេចឡើងក្រុមឧទ្ទាម Al-Shabaab ។ ក្រុមនេះវាយប្រហារភេរវកម្មប៉ុនប៉ងផ្សព្វផ្សាយមនោគមន៍រ៉ាឌីកាល់ ឬអ្វីដែលគេហៅ «ច្បាប់ Sharia» របស់ពួកគេ នៅលើទឹកដីសូម៉ាលី ៕ ប្រែសម្រួលដោយ៖ thach yat