លីគបាល់ទាត់ Premier League នឹងចាប់ផ្តើមបើកការប្រកួតឡើងវិញចាប់ពីថ្ងៃទី១៧ ខែមិថុនា ខាងមុខ ប៉ុន្តែត្រូវលេងដោយមិនអនុញ្ញាតឱ្យមានអ្នកទស្សនាផ្ទាល់នៅក្នុងកីឡដ្ឋានទេ បន្ទាប់ពីនាយកប្រតិបត្តិនៃក្របខ័ណ្ឌ Premier League លោក Richard Masters បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ។
លីគកំពូលរបស់អង់គ្លេស ត្រូវបានពន្យាពេលកាលពីខែមីនា ដោយសារការរីករាលដាលជាសកលនៃមេរោគកូវីដ-១៩ ពោលគឺមានរយៈពេលជាង ៣ខែមកហើយ ដែលវិស័យមួយនេះផ្អាកមិនឱ្យមានសកម្មភាពរហូតមក។ ម្តងនេះ លីគ Premier League នឹងត្រូវលេងក្នុងមួយសប្តាហ៍ចំនួន ៧ថ្ងៃតែម្តង ពោលគឺចាប់ពីថ្ងៃចន្ទ ដល់អាទិត្យ។
លីគកំពូល Premier League បច្ចុប្បន្ន បានដំណើរការដល់សប្តាហ៍ទី ២៩ហើយ ដោយក្រុម Liverpool កំពុងឈរនៅកំពូលតារាងមាន ៨២ពិន្ទុ ដាច់ក្រុមឈរលេខ២ Manchester City ២៥ពិន្ទុ រីឯក្រុមឈរលេខ៣ Leicesster មាន ៥៣ពិន្ទុ។ បើកការប្រកួតឡើងវិញម្តងនេះ វាជាដំណឹងល្អសម្រាប់ក្រុម Liverpool ដោយពួកគេរង់ចាំជ័យជម្នះតែ២ប្រកួត ទៀតប៉ុណ្ណោះ គឺអាចលើកពានរង្វាន់ Premier League រដូវកាលនេះបានហើយ បន្ទាប់ពីខកខានក្លាយជាជើងឯកអស់រយៈពេល ៣០ឆ្នាំកន្លងទៅ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ BBC