យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា ស្តីពី កិច្ចប្រជុំពិភាក្សាអំពីបញ្ហាប្រឈមនៃចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ ៥$ នៅកម្ពុជា។
អង្គប្រជុំទាំងមូលបានពិភាក្សា និងឯកភាពលើបញ្ហាប្រឈមមួយចំនួនដូចខាងក្រោម ដោយផ្អែកលើទិដ្ឋភាពរួមចំនួន ០២ចំណុច គឺ ទិដ្ឋភាពគោលនយោបាយ និងទិដ្ឋភាពបច្ចេកទេស ដូចមាននៅក្នុងសេចក្តីប្រកាស។
វិធានការរបស់ធនាគារជាតិ នឹងធ្វើឡើងជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឱ្យប្រមូលលុយចំនួន ០៣ប្រភេទ ខាងលើនេះចូលវិញ ដោយពិនិត្យឃើញថា ទាំងក្នុងឃ្លាំងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា មានការគរជន់ក្រដាសប្រាក់ដុល្លាអាមេរិកប្រភេទ ១$ ២$ ៥$ ដែលនេះសរបញ្ជាក់ថា តម្រូវការនៃក្រដាសប្រាក់ទាំងនេះមានកម្រិតទាបក្នុងទីផ្សារ។
ធនាគារជាតិនៃកម្ពុជានឹងផ្តល់ពេលវេលាចំនួន ០៣ខែ ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីនាំយកក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ ៥$ មកធនាគារជាតិនៃកម្ពុជា ដើម្បីដឹកជញ្ជូនចេញទៅក្រៅប្រទេស ដោយឥតគិតកម្រៃសេវា។
បន្ទាប់ពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជា នឹងផ្ទេរការចំណាយដឹកជញ្ជូនចេញទៅក្រៅប្រទេសលើក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ ៥$ ឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាអ្នករ៉ាប់រងវិញ។ ចំពោះការទទួលក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១០$ ឡើងទៅ គឺមិនមានកម្រៃសេវាទេ។
ធនាគារជាតិនៃកម្ពុជា នឹងបន្តពិភាក្សាជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីឈានទៅកំណត់ពេលវេលាណាមួយសមស្រប ដើម្បីផ្អាកការទទួលក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចទាំងស្រុងពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ៕ ដោយ ៖ សុង យូ