អ្នកហាក់មានអាការ ឮសម្លេងតិចជាងមុន ពិបាកយល់ ពិសេសពេលស្ថិតនៅក្នុងកន្លែងអ៊ូអរ និងមានបញ្ហាក្នុងការស្តាប់ការបញ្ចេញសម្លេងមែនទេ? ហើយអ្នកតែងស្នើរសុំឲ្យគេនិយាយយឺតៗ និងខ្លាំងៗ ព្រមទាំងតម្លើងសម្លេងខ្លាំងពេលស្តាប់វិទ្យុ ឬទូរទស្សន៍ឬ?
ក្រៅពីនេះ អ្នកអាចដកខ្លួនចេញពីកាសន្ទនាផ្សេងៗ ឬមិនចូលរួមកម្មវិធីសង្គមមួយចំនួន ដោយមិនដឹងខ្លួន។ ទាំងអស់នេះ ជាសញ្ញាណដំបូងដែលនឹងវិវឌ្ឍទៅជាថ្លង់ក្នុងអនាគតដ៏ខ្លីខាងមុខ។
១. មូលហេតុដែលបណ្ដាលឱ្យថ្លង់
– ថ្លង់ពីកំណើត៖ ទារកអាចថ្លង់ពីកំណើត ប្រសិនបើម្ដាយជួបប្រទះបញ្ហាមួយចំនួនក្នុងអំឡុងពេលមានផ្ទៃពោះ ដូចជា៖
• ម្តាយមានការបង្ករោគដូចជា ជំងឺស្វាយ ឬស្អូច
• ខ្វះអុកស៊ីសែនពេលសម្រាល
• ការប្រើថ្នាំមិនត្រឹមត្រូវ
• កើតជំងឺខាន់លឿនពេលមានផ្ទៃពោះជាដើម
– ថ្លង់ដោយសារវ័យ និងបញ្ហាសុខភាព៖ ចំពោះករណីផ្សេងដែលមិនមែនជាការថ្លង់ពីកំណើត តែអាចធ្វើឱ្យយើងគ្រប់គ្នាប្រឈមនឹងការថ្លង់នៅថ្ងៃអនាគត គឺនៅពេលដែលយើងឈានចូលដល់វ័យកាន់តែចាស់ ឬបញ្ហាសុខភាពមួយចំនួន រួមមាន៖
• បម្រែបម្រួលរចនាសម្ព័ន្ធត្រចៀកផ្នែកខាងក្នុងតាមវ័យ
• មានជំងឺរលាកស្រោមខួរក្បាល កញ្ច្រិល និងស្រឡទែន
• មានការបង្ករោគនៅត្រចៀករ៉ាំរ៉ៃ
• ការប្រើថ្នាំព្យាបាលគ្រុនចាញ់ ឬមហារីក អង់ទីប៊ីយ៉ូទិកមួយចំនួន និងពពួកថ្នាំជំនួយផ្លូវភេទ
• មានរបួសនៅក្បាល ឬត្រចៀក
• ធ្វើការ ឬនៅកន្លែងប្រឈមនឹងសម្លេងខ្លាំងជាប្រចាំ
• តំណពូជ ឬកត្តាហ្សែនរបស់អ្នកអាចធ្វើឲ្យមានផលប៉ះពាល់ដល់ត្រចៀក។
២. ផលវិបាកនៃបញ្ហាថ្លង់
ផលវិបាកធ្ងន់ធ្ងរនៃអ្នកជំងឺថ្លង់ គឺរំខាន់ដល់ការរស់នៅរបស់ខ្លួនទាក់ទងនឹងការស្ដាប់សំឡេង ដែលជាមូលហេតុធ្វើឱ្យប៉ះពាល់ដល់បញ្ហាផ្លូវចិត្ត។
៣. វិធីបន្ថយហានិភ័យបញ្ហាថ្លង់
• ការពារត្រចៀករបស់អ្នកដោយកំណត់រយៈពេលសមស្របក្នុងការប៉ះផ្ទាល់នឹងសម្លេងខ្លាំង ឬបន្ថយសម្លេង
• ករណីអ្នកធ្វើការងារនៅកន្លែងដែលមានសម្លេងខ្លាំងអ្នកអាចប្រើប្រាស់ផ្លាស្ទិកបិតរន្ធត្រចៀក ឬឧបករណ៍ការពារត្រចៀក
• គួរធ្វើតេស្តការស្តាប់ជាប្រចាំ បើអ្នកធ្វើការដែលប្រឈមនឹងសម្លេងខ្លាំងជាអចិន្ត្រៃយ៍
• ចំពោះស្ត្រីមានផ្ទៃពោះត្រូវ ពិនិត្យគភ៌ ថែរក្សាសុខភាព និងប្រឹក្សាជាមួយគ្រូពេទ្យមុនពេលប្រើថ្នាំណាមួយ។
ប្រសិនអ្នកបាត់បង់សម្ថភាពក្នុងការស្តាប់ ឬស្តាប់លែងឮភ្លាមៗ ទោះត្រឹមម្ខាងក៏ដោយ អ្នកត្រូវប្រញាប់ជួបជាមួយគ្រូពេទ្យឯកទេសផ្នែកត្រចៀក ច្រមុះ បំពង់កឲ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន។ គួរបញ្ជាក់ថា ការប្រើប្រាស់ឧបករណ៍ជំនួយក្នុងការស្តាប់នឹងត្រូវបានណែនាំពីគ្រូពេទ្យ បើសិនជាការធ្វើរោគវិនិច្ឆ័យឃើញថា អ្នកថ្លង់៕