ប្រធានផ្នែកកីឡាក្លឹប Inter លោក Piero Ausilio បានទទូចថាខ្សែប្រយុទ្ធ Lautaro មិនមែនសម្រាប់លក់ទេ ហើយបើ Barcelona ចង់បានរូបគេមែននោះ ក្លឹបយក្សអេស្ប៉ាញត្រូវមានលុយ ១១១ លានអឺរ៉ូស្មើ ៩៧ លានផោន ឬ ១២១ លានដុល្លារ ដើម្បីទិញផ្ដាច់កុងត្រា ខណៈកុងត្រារបស់ខ្សែប្រយុទ្ធនេះ នឹងផុតកំណត់នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។ លោក Ausilio បានប្រាប់ Sky Italia ថា ៖”មានផ្លូវតែមួយគត់ ដែលគាត់ ( Lautaro) នឹងចេញពី Inter គឺទិញផ្ដាច់កុងត្រារបស់គាត់។ តម្លៃផ្ដាច់កុងត្រាដែលអ្នកទាំងអស់គ្នាដឹង។ វាជាតម្លៃផ្ដាច់កុងត្រា ដែលនឹងផុតនៅខែកក្កដា ដូច្នេះវាមិនមានរយៈពេលយូរទេ ហើយវាជាផ្លូវតែមួយគត់ ដែលអាចយក Lautaro ចេញពី Inter ពីថ្ងៃនេះបាន”។
ខ្សែប្រយុទ្ធសញញជាតិអាហ្សង់ទីនវ័យ ២២ឆ្នាំ Lautaro ជាផ្នែកមួយសំខាន់ជួយឱ្យ Inter ជោគជ័យនៅរដូវកាលនេះ។ គររកបាន១៦គ្រាប់ ឈរលេខរៀងទី៣ នៅតារាងចំណាត់ថ្នាក់ Serie A។ បើយោងតាម Ausilio អនាគតជោគជ័យរបស់ Inter គឺអាស្រ័យលើការចេះរក្សាទុកកីឡាករដូច Lautaro ជាជាងឱ្យពួកគេចេញ។ លោក Ausilio ពន្យល់ ៖“គាត់ជាទ្រព្យសំខាន់មួយរបស់ក្លឹប គាត់នៅមានកុងត្រាជាមួយ Inter។ Inter នឹងមិនលក់កីឡាករល្អរបស់ខ្លួនឡើយ។ យើងចង់ទុកពួកគេ ហើយពង្រឹងពួកគេនៅថ្ងៃបើកទីផ្សារដោះដូរកីឡាករ ហើយក្បាច់នេះក៏ប្រើលើ Lautaro ដូចគ្នាដែរ”៕