ក្លឹប Paris Saint-Germain កំពុងតែខិតជិតទិញបានខ្សែប្រយុទ្ធ Mauro Icardi ពីក្លឹប Inter Milan ហើយ បន្ទាប់ពីយល់ព្រមកុងត្រាផ្ទាល់ខ្លួនជាមួយកីឡាករ។ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនបានចំណាយពេលមួយរដូវកាលខ្ចីជើងជាមួយ PSG ហើយគ្រងនឹងទិញផ្ដាច់តែម្ដង ស្របពេលដែល Ligue 1 បានប្រកាសបញ្ចប់រដូវកាលទៅហើយកាលពីចុងខែមេសា។ ប្រភពពីប្រទេសអ៊ីតាលីឲ្យដឹងថា ប្រធានក្លឹប PSG លោក Leonardo បានដាក់សំណើ៥០លានផោនបូកជាមួយប្រាក់លើកទឹកចិត្តទៅកាន់ Inter ដើម្បីយក Icardi។ PSG ត្រូវបានគេដឹងថា បានយល់ព្រមផ្ដល់ថ្លៃនឿយហត់១៧ម៉ឺនផោនក្នុងមួយសប្ដាហ៍និងកុងត្រារយៈពេល៤ឆ្នាំជាមួយ Icardi ដែលធ្វើឲ្យគេអាចទទួលបានចំណូល៨លានផោនក្នុងមួយឆ្នាំ។ កីឡាករវ័យ២៧ឆ្នាំក៏មានការទាក់ទងឲ្យត្រឡប់ទៅកាន់ Serie A វិញដែរពេលដែលចប់ភារកិច្ចនៅបារាំង។ Juvenuts ជាក្លឹបមួយចាប់អារម្មណ៍ខ្សែប្រយុទ្ធខាងលើជាច្រើនខែមកហើយ ខណៈក្លឹបនៅអង់គ្លេស Arsenal និង Chelsea ក៏ចង់បានដូចគ្នា៕