ភ្នំពេញ៖ ក្នុងរយៈពេល២៦ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងព្រះរាជាណាចក្រកម្ពុជា សមត្ថកិច្ចបានធ្វើការឃាត់យានយន្ដល្មើសច្បាប់បានចំនួន ៣៨ ១៨៩គ្រឿង ក្នុងនោះម៉ូត ២៧ ៨១២គ្រឿង និងរថយន្ដចំនួន ១០ ៣៧៧គ្រឿង។ នេះបើយោងតាមប្រសាសន៍សម្ដេចក្រឡាហោម ស ខេង ថ្លែងនាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ។
ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា លទ្ធផលរឹតបន្ដឹងច្បាប់ចរាចរណ៍ រយៈពេល២៦ថ្ងៃ ពិន័យ ៣៨ ១៨៩ករណី ក្នុងនោះ ម៉ូតូ ២៧ ៨១២គ្រឿង ស្មើនឹង៧៣% មួក៧៩% សញ្ញាចរាចរណ៍ ១០% ស្រវឹង១% លើសចំណុះ១% ទូរស័ព្ទ១%។ ចំណែករថយន្ដ ១០ ៣៧៧ករណី ស្នើនឹង២៧% ខ្សែក្រវ៉ាត២៧% ល្បឿន៣០% ទូរស័ព្ទ៧% សញ្ញាចរាចរណ៍៨% លើសចំណុះ ៥% អត់បណ្ណបើកបរ៣% អត់ផ្លាកលេខ២% ស្រវឹង១%។
ក្នុងឱកាសនេះ សម្ដេចក្រឡាហោម ក៏បានណែនាំដល់មន្ត្រីនគបាលទាំងអស់ ត្រូវបន្តរឹតបន្ដឹងច្បាប់ចរាចរណ៍ មិនត្រូវដកថយឡើយ គឺត្រូវអនុវត្ដបន្ដទៀត ដើម្បីធ្វើយ៉ាងណាកាត់បន្ថយគ្រោះថ្នាក់ចរាចណ៍នៅកម្ពុជា។ ជាពិសេស សមត្ថកិច្ចត្រូវមានការគោរពក្រមសីលធម៌វិជ្ជាជីវៈ ទន់ភ្លន់ តែម៉ឺងម៉ាត់ ដើម្បីការគាំទ្រ និងចូលរួមពីប្រជាពលរដ្ឋ៕ ដោយ៖ តារា