ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេងបានស្នើឱ្យអាជ្ញាធរពិនិត្យឡើងវិញចំពោះរថយន្តដឹកខ្សាច់ ដែលបង្កឱ្យជ្រុះខ្សាច់ប្រឡាក់ផ្លូវ និងមានដីហុយធ្វើឱ្យប៉ះពាល់បរិស្ថាន និងសោភណភាពក្នុងរាជធានីភ្នំពេញ ហើយបើរកឃើញក្រុមហ៊ុនដឹកដី ឬដឹកខ្សាច់ណាមិនទទួលខុសត្រូវ លើបញ្ហាបោសសម្អាត ត្រូវបញ្ឈប់ជាបន្ទាន់ ជាពិសេសតាមបណ្តោយផ្លូវជាតិលេខ៥។
ការព្រមាននេះធ្វើឡើង ក្នុងពិធីបើកកិច្ចប្រជុំស្ដីពីការជួសជុលគន្លងខ្សែកាបអាកាស ដែលបានជីកកប់ក្រោមដីក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ២០២០។
តាមរយៈកិច្ចប្រជុំនោះ លោកអភិបាលរាជធានី បានបញ្ជាក់ថា រាល់សកម្មភាពការងារក្នុងមូលដ្ឋានរាជធានីភ្នំពេញ ត្រូវតែមានកិច្ចប្រជុំពិភាក្សាគ្នា និងមានរបាយការណ៍បញ្ជូនមកតាមឋានានុក្រម ឱ្យបានច្បាស់លាស់ និងជាប់លាប់ ដើម្បីបានដឹង និងពិនិត្យលទ្ធភាពក្នុងការដោះស្រាយ រាល់ផលប៉ះពាល់ ដែលបង្ករឡើង ដោយសកម្មភាពទាំងនោះ ក្រោមការទទួលខុសត្រូវរៀងៗខ្លួន ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ៕ ដោយ៖ ប៊ុនធឿន