ប្រិយមិត្តមួយចំនួន ប្រហែលជានៅចាំបានថា កាលពី ៥ឆ្នាំមុន អតីតអ្នកប្រដាល់ជួរមុខរបស់កម្ពុជា វ៉ន វីវ៉ា បានចូលប្រឡូកក្នុងទ្រុងកីឡាក្បាច់គុនចម្រុះ ឬ MMA ជាលើកដំបូង បន្ទាប់ពីសាងកេរ្តិ៍ឈ្មោះល្បីរន្ទឺក្នុងពិភពប្រដាល់គុនខ្មែរ។ សម្រាប់ប្រិយមិត្តដែលមិនទាន់បានទស្សនាការប្រកួតនោះ ថ្ងៃនេះ [Sabay] សូមរំលឹកពីប្រកួតនោះបន្តិច។
វ៉ន វីវ៉ា បានចេញទៅប្រកួតក្នុងទ្រុងលើកដំបូង នៅទីក្រុងបាងកក ប្រទេសថៃ ក្នុងកម្មវិធី Full Metal Dojo តាមរយៈប្រធានក្លឹប Cambodian Top Team បច្ចុប្បន្ន គឺលោកគ្រូ ហ៊ុន ចាន់រាជ្យ (ពេលនោះលោកគ្រូជាប្រធានក្លឹប Afighter)។ ដៃគូប្រកួតរបស់វ៉ន វីវ៉ា គឺអ្នកប្រដាល់ចាស់វស្សារបស់ថៃ Jomhod Kiatadisak។ ដោយសារតែប្រឡូកក្នុងក្បាច់គុនសេរីជោគជាំដូចគ្នា អ្នកទាំងពីរ មិនសូវបញ្ចេញក្បាច់ចម្រុះ ដូចអ្នកអាជីព MMA នោះទេ។ ជាលទ្ធផល គឺ Jomhod ឈ្នះវីវ៉ា ដោយពិន្ទុ។ គួររំលឹកផងដែរថា កីឡាករទាំង ២ បានប្រកួត MMA តែ ១ដងនេះដូចគ្នា ពោលគឺមិនឡើងប្រកួតទៀតនោះទេ។