បើទោះជាប្រទេសជាច្រើន អនុញ្ញាតឲ្យបើកទ្វារដំណើរការសេដ្ឋកិច្ចឡើងវិញ ក៏កូវីដ១៩ នៅតែជាការគំរាមកំហែងដល់អាយុជីវិតពលរដ្ឋដដែល ដោយសារមានអ្នកស្លាប់ បន្ដកើនឡើង មិនទាន់មានសញ្ញាធ្លាក់ចុះនៅឡើយ ជាពិសេស នៅអាមេរិកតែម្តង់។
នៅអាមេរិក បើគិតដល់ព្រឹកថ្ងៃទី២៧ ខែឧសភា ចំនួនអ្នកស្លាប់ដោយកូវីដ១៩ កើនឡើងដល់ទៅ១០០ ៥៧៩នាក់។ ចំណែកអ្នកឆ្លងវិញ ក៏បានកើនឡើងដល់ទៅជាង១,៧លាននាក់ផងដែរ។អាមេរិក មានអ្នកស្លាប់ដំបូងគេបង្អស់ដោយកូវីដ១៩ គឺនៅដើមខែមីនា ឆ្នាំ២០២០ ហើយគិតដល់ថ្ងៃទី៣១ខែមីនា អាមេរិកមានអ្នកស្លាប់តែ៣៨០៧នាក់តែប៉ុណ្ណោះ។ ចាប់ពីខែមេសាមកដល់ពេលថ្ងៃទី២៧ ខែឧសភា (ជិត២ខែ)អាមេរិក មានអ្នកស្លាប់ដល់ទៅជិត១សែននាក់ ។
កាលពីថ្ងៃទី៧ ខែមេសា អាមេរិកមានអ្នកស្លាប់កើនឡើង ដល់១ម៉ឺននាក់ ហើយ៤ថ្ងៃក្រោយមក អ្នកស្លាប់កើនឡើង២ម៉ឺននាក់។ បើគិតដល់យប់ថ្ងៃទី១៩ ខែមេសា អាមេរិកមានអ្នកស្លាប់ដល់ទៅជាង៤ម៉ឺននាក់។ នៅថ្ងៃទី២៥ ខែមេសា អ្នកស្លាប់កើនឡើងដល់៥ម៉ឺននាក់ ហើយនៅថ្ងៃទី៥ ខែឧសភា កើនឡើង៧ម៉ឺននាក់ ។ នៅពេលនេះថ្ងៃទី២៧ ខែឧសភា អ្នកស្លាក់កើនឡើងជាង១សែននាក់ហើយ ពិតជាកើន ឡើងលឿនណាស់។
ក្រោយមានអ្នកស្លាប់កើនឡើង ជាង១សែននាក់ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានទទួលស្គាល់ថា វីរុសកូវីដ១៩ពិតជាគ្រោះថ្នាក់ជាងអ្វីដែលលោកគិតទៅទៀត ។ ប៉ុន្តែលោកបានជឿជាក់ថា បណ្តារមណីយដ្ឋាន ឆ្នេរសមុទ្រ សាលារៀន គួរតែបើកទ្វារដំណើរការឡើងវិញ៕ ប្រែសម្រួលដោយ៖ MEO