ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសថៃ បានផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ថា មនុស្សយ៉ាងតិច៣នាក់បានស្លាប់ នៅក្នុងហេតុការណ៍បាញ់ប្រហារមួយនៅស្ថានីយផ្សាយវិទ្យុសាធារណៈ ។
ប្រភពបានបញ្ជាក់ថា ខ្មាន់កាំភ្លើងគឺជាបុគ្គលិកក្នុងស្ថានីយវិទ្យុសាធារណៈ NBT ស្ថិតនៅទីក្រុង Phitsanulok ខេត្ត Phitsanulok ភាគខាងជើងរបស់ប្រទេសថៃ ។
ប្រភពថា ខ្មាន់កាំភ្លើងមានការអាក់អន់ចិត្តទៅនឹងរឿងអ្វីមួយជាមួយសហសេវិករួមការងារក្នុងស្ថានីយវិទ្យុនេះ ហើយឈានដល់ការបាញ់ប្រហារតែម្តង ស្លាប់សរុប៣នាក់ ។ ប៉ូលិសថៃ បាននិងកំពុងស៊ើបអង្កេតទាក់ទងការផ្ទុះអាវុធនេះ ។
ប្រភពខ្លះបានផ្សាយថា ជនរងគ្រោះគឺនាយកស្ថានីយ៍ម្នាក់ និងវិស្វករជាន់ខ្ពស់ពីរនាក់បានស្លាប់ ។ មនុស្សម្នាក់ទៀតបានរងរបួស និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីការបាញ់ប្រហារនេះ។
ខ្មាន់កាំភ្លើងត្រូវបានគេស្គាល់ថា ជាជាងមេកានិចធ្វើការនៅស្ថានីយនេះដែរ ។ ជននេះត្រូវបានសន្មតថា បានប្រើអំពើហិង្សានៅកន្លែងធ្វើការ ។ ប៉ូលិសបានចាប់ខ្លួនខ្មាន់កាំភ្លើង និងដកហូតបានកាំភ្លើងខ្លីពីរដើម ៕ ប្រែសម្រួលដោយ៖ thach yat