ប្រភពពីមន្ត្រីយោធាអាមេរិកប្រចាំ នៅអាហ្វ្រិកបញ្ជាក់ថា ថ្មីៗនេះ យោធារុស្ស៊ីបានបញ្ជូនយន្ដហោះចម្បាំង ទៅកាន់ប្រទេសលីប៊ី ដើម្បីគាំទ្រដល់ទាហានស៊ីឈ្នួលរបស់រុស្ស៊ី ដែលកំពុងប្រយុទ្ធឲ្យបុរសខ្លាំង Khalifa Haftar នៅលើសមរភូមិក្តៅគគុកមួយ ក្នុងជម្លោះដ៏រ៉ាំរ៉ៃនេះ។
យន្ដហោះចម្បាំងកម្លាំងយោធា បានចាកចេញពីប្រទេសរុស្ស៊ី ហើយបានឈប់សំចត នៅប្រទេសស៊ីរី មុនពេលទៅដល់ប្រទេសលីប៊ី ។ នេះបើតាមប្រភព france24 ផ្សាយថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ដកស្រង់ប្រភពពីមូលដ្ឋានជើងអាកាសអាមេរិក ប្រចាំនៅអាហ្វ្រិក ។
យោធាអាមេរិកមិន បានបញ្ជាក់ថា តើយន្ដហោះចម្បាំងរុស្ស៊ី មកដល់លីប៊ី នៅពេលណានោះទេ គ្រាន់តែនិយាយថា ទើបតែពេលថ្មីៗនេះប៉ុណ្ណោះ ។
ការប្រកាសនេះបានកើតឡើងមួយថ្ងៃ ក្រោយពេលរដ្ឋាភិបាលលីប៊ី ដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិបានអះអាងថា ទាហានស៊ីឈ្នួលរុស្ស៊ី ជាច្រើនរយនាក់បានគាំទ្រគូប្រជែងរដ្ឋាភិបាលគឺមេបញ្ជាការយោធា Haftar នោះ ត្រូវបានចល័តខ្លួនពីតំបន់សមរភូមិភាគខាងត្បូងរដ្ឋធានីទ្រីប៉ូលី ។
កងកម្លាំងរបស់បុរសខ្លាំង Haftar បានបង្កើនការវាយប្រហារ ដើម្បីចូលគ្រប់គ្រងរដ្ឋធានីទ្រីប៉ូលី ពីរដ្ឋាភិបាលកិច្ចព្រមព្រៀងជាតិ( GNA) មូលដ្ឋាននៅទីក្រុងទ្រីប៉ូលី ដែលអង្គការសហប្រជាជាតិ បានទទួលស្គាល់។
វិមានក្រឹមឡាំងតែងតែបដិសេធថា មិនបានពាក់ព័ន្ធនឹងជម្លោះនៅលីប៊ីនោះទេ។ ប៉ុន្តែកាលពីខែមុននេះ អ្នកជំនាញអង្គការសហប្រជាជាតិ បានប្រកាសថា ក្រុម Wagner ដែលជាអង្គការយោធារុស្ស៊ី មានភាពជិតស្និទ្ធជាមួយប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីននោះ ត្រូវបានបញ្ជូនឲ្យទៅជួយគាំទ្រដល់លោក Haftar ។
ឧត្តមសេនីយ៍យោធាអាមេរិក Stephen Townsend នៅក្នុងសេចក្តីថ្លែងការណ៍មួយពីមូលដ្ឋានជើងអាកាស នៅអាហ្វ្រិកបញ្ជាក់ថា អស់រយៈពេលជាយូរមកហើយ រុស្ស៊ីបានបដិសេធទាំងស្រុងការចូលរួមរបស់ខ្លួន ក្នុងជម្លោះនៅប្រទេសលីប៊ី ដែលកំពុងតែក្តៅគគុកខ្លាំងនោះ។ ប៉ុន្តែឥឡូវនេះ គេលែងប្រកែកបានទៀតហើយ ។ លោកបានពណ៌នាយន្តហោះចម្បាំងរបស់រុស្ស៊ីដែលបញ្ជូនទៅកាន់លីប៊ីនោះថា ជាប្រភេទ “យន្តហោះប្រយុទ្ធជំនាន់ទី៤” ។
ប្រទេសលីប៊ីដែលសម្បូរទៅដោយធនធានប្រេង បានធ្លាក់ចូលទៅក្នុងជម្លោះហិង្សា បន្ទាប់ពីការបណ្តេញចេញពីអំណាច និងសម្លាប់មេដឹកនាំផ្តាច់ការជើងចាស់ លោក Muammer Gaddafi ក្នុងអំឡុង ពេលបះបោរមួយគាំទ្រ ដោយអង្គការណាតូឆ្នាំ ២០១១ ។ នៅពេលនេះ រដ្ឋបាលគូប្រជែង និងកងជីវពល បាននិងកំពុងប្រជែងគ្នា ដើម្បីអំណាច ។
ជម្លោះនេះកាន់តែអាក្រក់ទៅៗ នៅពេលលោក Haftar ដែលបានការគាំទ្រពីអេហ្ស៊ីប, អារ៉ាប់រួម និងអារ៉ាប់ប៊ីសាអូឌីត បានបើកការវាយលុកទៅលើទីក្រុងទ្រីប៉ូលី កាលពីខែមេសា ឆ្នាំ២០១៩។
អ្នកវិភាគ បាននិយាយថា សកម្មភាពរបស់ប្រទេសរុស្ស៊ី នៅពេលនេះបានប្រថុយនឹងការអូសបន្លាយជម្លោះហិង្សា កាន់តែវែងឆ្ងាយ និងកាន់តែធ្ងន់ធ្ងរថែមទៀតនូវ “ការស្លាប់ និងការរងទុក្ខមនុស្សទាំងសងខាង” ។
មេដឹកនាំពិភពលោក បានព្រមព្រៀង កាលពីខែមករា គាំទ្រដកការហាមឃាត់ និងបញ្ឈប់ការជ្រៀតជ្រែកចូលទៅក្នុងជម្លោះនៅលីប៊ី ដោយភ័យខ្លាចថា នឹងអូសទាញជម្លោះ នៅក្នុងតំបន់កាន់តែរីកធំធាត់។ អង្គការសហប្រជាជាតិ បានព្រមានម្តងហើយម្តងទៀតថា ភាគីប្រយុទ្ធគ្នានៅលីប៊ី នៅតែបន្តទទួលបានអាវុធ និងកម្លាំងប្រយុទ្ធ៕ ប្រែសម្រួលដោយ៖ thach yat