ក្រោយសម្រាលកូនប្រុសដ៏គួរឲ្យស្រឡាញ់រួច តារាសម្ដែងស្រី សិទ្ធី នីកា ក៏បាត់មុខមួយរយៈព្រោះតែចង់សម្រាកនៅមើលថែគ្រួសារ។
ការសម្រាកពីការងារសិល្បៈនេះ ក៏ធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការនឹករលឹកជាខ្លាំង ហើយក៏ចង់ឃើញវត្តមានស្រីស្អាតរូបនេះត្រឡប់ចូលសម្ដែងវិញដែរ។
យ៉ាងណាមិញថ្មីៗនេះ សិទ្ធី នីកាក៏ពញ្ញាក់អារម្មណ៍អ្នកគាំទ្រជាមួយនឹងការវិលត្រឡប់ចូលសិល្បៈវិញ ដោយសម្ដែងជាតួឯកស្រីក្នុងរឿងមួយមានចំណងជើងថា «ពណ៌ជីវិត» ដែលត្រូវចាប់ដៃគូសម្ដែងជាមួយកំលោះសង្ហា ខាត់ វ៉ៃហាំង។
បើតាមការផ្ដល់បទសម្ភាសន៍ជាមួយ Tnaot News តួស្រីបទ«ដឹងទេថានឹក» នេះបានប្រាប់ថា៖ «ដោយសារតែចិត្តស្រឡាញ់ក៏ត្រឡប់ចូលថតវិញ។ ហើយសាច់រឿងនេះគឺខ្ញុំសម្ដែងជាតួដែលរឹងមាំ សុភាព ហើយមិនទន់ជ្រាយ»។
លើសពីនេះនីកា ក៏បានបន្ថែមថាសាច់រឿងថ្មីនេះគឺនិយាយពីសង្គមសិល្បៈ តារា អ្នកនិពន្ធ ដែលអ្នកនាងសម្ដែងជាតួអ្នកនិពន្ធ។ ជាក់ស្ដែងអ្នកនាងក៏ប្រាប់ថាមិនទាន់និយាយឲ្យច្រើនពីសាច់រឿងទេ មានតែចាំឲ្យពុកម៉ែបងប្អូនចាំទស្សនាតែម្ដងទៅ។
ទោះបីជាមានកូនមួយរួចហើយក្ដី តែបើក្រឡេកមើលសម្រស់តារាសម្ដែងស្រីរូបនេះ ពិតជាស្អាតមិនចាញ់ក្រមុំនោះទេ ពោលគឺមានកូនរឹតតែស្អាតទៅៗ៕
អត្ថបទ៖ ផេង ផលធិតា