ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានមានប្រសាន៍ថា លោកនឹងមិនអនុញ្ញាតឱ្យសិស្សចូលសាលារៀនវិញទេរហូតទាល់តែមានវ៉ាក់សាំងការពារវីរុសកូវីដ-១៩សិន បើទោះបីជាមានប្រទេសខ្លះចាប់ផ្តើមរៀនដោយផ្ទាល់ក៏ដោយ។
សិស្សគ្រោងនឹងអនុញ្ញាតឱ្យចូលរៀនវិញនៅចុងខែសីហាបន្ទាប់ពីថ្នាក់រៀនសម្រាប់សិស្សបឋមសិក្សានិងមធ្យមសិក្សាជាង ២៥ លាននាក់ត្រូវបានបិទទ្វារនៅខែមីនា ដោយសារការឆ្លងរាលដាលបានផ្ទុះឡើងនៅប្រទេសហ្វីលីពីន។ ប៉ុន្តែនៅក្នុងសុន្ទរកថាមួយដែលចាក់ផ្សាយនៅល្ងាចថ្ងៃចន្ទប្រធានាធិបតីលោក Duterte បានមានប្រសាសន៍ថាហានិភ័យដ៏ធំនោះគឺការឱ្យសិស្សចូលរៀនវិញ។ ប្រធានាធិបតីបានបន្ថែមថា “ប្រសិនបើខ្ញុំមិនប្រាកដថាពួកគេពិតជាមានសុវត្ថិភាពនោះទេ ខ្ញុំមិនអនុញ្ញាតឱ្យពួកគេមានហានិភ័យដោយសារតែការប្រថុយបើកសាសារៀនវិញនោះឡើយ។ សម្រាប់ខ្ញុំវ៉ាក់សាំងជារឿងសំខាន់ណាស់។ ប្រសិនបើមានវ៉ាក់សាំងហើយនោះ ការបើកដំណើរការសាលារៀននឹងចាប់ផ្តើមភ្លាមៗ ”។
ទោះបីជាអ្នកស្រាវជ្រាវបានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងជាសកលដែលមិនធ្លាប់មានពីមុនមកដើម្បីបង្កើតវ៉ាក់សាំងយ៉ាងឆាប់រហ័សក៏ដោយ ក៏មិនទាន់ឃើញថាតើបេក្ខជនណាមួយដែលអាចទទួលបានជោគជ័យនោះទេ។ កម្មវិធីសិក្សានៃសាលារដ្ឋក្នុងប្រទេសហ្វីលីពីនជាធម្មតាចាប់ផ្តើមពីខែមិថុនាដល់ខែមេសា ប៉ុន្តែអាជ្ញាធរបានច្រានចោលសំណើបើកសាលា ខណៈពេលដែលមានចំនួនអ្នកឆ្លងបានកើនឡើងហើយប្រទេសក៏កំពុងស្ថិតនៅក្នុងគ្រាអាសន្នដែលត្រូវចាក់សោរយ៉ាងតឹងរ៉ឹងផងដែរ។ ហ្វីលីពីនក៏បានរៀបចំកម្មវិធីសិក្សាពីចម្ងាយតាមរយៈប្រព័ន្ធអ៊ីនធឺណិតសម្រាប់សិស្សផងដែរ ដើម្បីជួយសម្រួលដល់ការសិក្សារបស់សិស្ស។ ផ្ទុយទៅវិញគេបានសង្កេតឃើញថាមានមនុស្សរាប់លាននាក់រស់នៅក្នុងភាពក្រីក្រនៅក្នុងប្រទេសហ្វីលីពីនហើយមិនមានលទ្ធភាពប្រើប្រាស់កុំព្យូទ័រនៅផ្ទះដែលជាបញ្ហាសម្រាប់ការរៀនពីចម្ងាយ។
ប្រទេសមួយចំនួនបានអនុញ្ញាតឱ្យដំណើរការសាលារៀនវិញហើយដែលមានដូចជាប្រទេសកូរ៉េខាងត្បូងនិងបារាំងជាដើម។ គិតមកត្រឹមថ្ងៃអង្គារនេះ ចំនួនអ្នកឆ្លងវីរុសកូវីដ-១៩នៅប្រទេសហ្វីលីពីនបានកើនឡើងដល់ ១៤៦៦៩នាក់ និងមានមនុស្សស្លាប់ចំនួន ៨៨៦នាក់។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post