លោក Marco Tronchetti បានជំរុញឱ្យក្លិប Inter ចុះហត្ថលេខាយកខ្សែប្រយុទ្ធ Timo Werner ពីក្លិប RB Leipzig និង Edinson Cavani ពីក្លិប Paris Saint-Germain ចំពេលមានការសង្ស័យថា ខ្សែប្រយុទ្ធ Lautaro Martinez អាចនឹងត្រូវការចាកចេញពីក្លិបនៅរដូវក្តៅខាងមុខ។
កីឡាករ Martinez ជាខ្សែប្រយុទ្ធជួរមុខរបស់ ក្លិប Inter ត្រូវបានផ្សារភ្ជាប់នឹងការផ្លាស់ទៅកាន់ ក្លិប Barcelona នៅរដូវក្តៅនេះ ដោយមានការអះអាងថាកីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះ នឹងក្លាយជាអ្នកដែលអាចទៅជំនួសតំណែងលេងរបស់ខ្សែប្រយុទ្ធ Luis Suarez បាននៅពេលអនាគត។
យោងតាមរបាយការណ៍មួយនៅអ៊ីតាលីបានឱ្យដឹងថា លោក Tronchetti នាយកប្រតិបត្តិក្រុមហ៊ុន Pirelli ដែលជាអ្នកឧបត្ថម្ភផ្តាច់មុខនៅលើអាវរបស់ក្លិបមួយនេះ កំពុងលើកទឹកចិត្តឱ្យ លោក Antonio Conte គ្រូបង្វឹក Inter ធ្វើការចុះហត្ថលេខាយកខ្សែប្រយុទ្ធ Werner និង Cavani ដើម្បីមកជំនួសតំណែងខ្សែប្រយុទ្ធ Martinez ដែលនឹងអាចចាកចេញនៅរដូវក្តៅ បន្ទាប់ក្លិប Barcelona បានដាក់ការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចុះហត្ថលេខាយកទៅលេងនៅរដូវកាលក្រោយ។
យ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធ Werner ក៏ត្រូវបានក្លិបហង្សក្រហម Livepool ចាប់អារម្មណ៍ខ្លាំងផងដែរ រីឯខ្សែប្រយុទ្ធ Cavani កំពុងមានការផ្សាភ្ជាប់ទៅនឹងការផ្លាស់ទៅលេងឱ្យក្លិប Atletico Madrid ដោយគ្មានតម្លៃខ្លួន បន្ទាប់ពីផុតកុងត្រាជាមួយ PSG នៅរដូវក្តៅនេះ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore