បណ្តាញព័ត៌មានវៀតណាមបានផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ថា អាជ្ញាធរវៀតណាមកំពុងស៊ើបអង្កេតក្រុមហ៊ុន Tenma Vietnam ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនសារជីវកម្ម Tenma ផលិតប្ល៉ាស្ទិករបស់ជប៉ុននោះពីបទសូកប៉ាន់ ស្មើទំហំទឹកប្រាក់ប្រហែល ២៣៤ ០០០ ដុល្លារ ដើម្បីគេចវេះពីការបង់ពន្ធកាតព្វកិច្ច ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុវៀតណាម Dinh Tien Dung បានស្នើឲ្យមានការស៊ើបអង្កេតជាបន្ទាន់ ដោយលើកឡើងថា នេះជាបញ្ហាសំខាន់ទាក់ទងបរិយាកាសវិនិយោគពាណិជ្ជកម្ម ព្រមទាំងការការពារអំពើពុករលួយ ។
(លោក Dinh Tien Dung រដ្ឋមន្ត្រីហិរញ្ញវត្ថុវៀតណាម)
ប៉ូលិសភាគខាងជើងខេត្ត បាក់ណឹន (Bac Ninh) ទីដែលក្រុមហ៊ុនបានស្ថិតនៅនោះ បានស្នើនាយកដ្ឋានគយ និងពន្ធដារខេត្តនេះ ឲ្យផ្តល់នូវឯកសារពាក់ព័ន្ធទាំងអស់ដើម្បីការស៊ើបអង្កេត ។
គួរបញ្ជាក់ថា ស្ថានការបានបែកធ្លាយដល់ថ្នាក់នេះ គឺនៅបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានផ្សាយថា ក្រុមប៊ុនបុត្រសម្ព័ន្ធនៅវៀតណាមនោះ បានសូកប៉ាន់ប្រហែល ២៥ លានយ៉េន ឲ្យទៅមន្ត្រីគយវៀតណាម ដើម្បីគេចវេះពីការបង់ពន្ធប្រហែល ១៨,១ លានដុល្លារ ដែលជាពន្ធកាតព្វកិច្ចចាប់ពីខែមិថុនា ឆ្នាំ២០១៧ ដល់ខែសីហា ឆ្នាំ២០១៩ ។
អគ្គនាយក អគ្គនាយកដ្ឋានគយ និងពន្ធដារខេត្ត បាក់ណឹន លោក Ngo Xuan Tong បានប្រាប់កាសែត Tuoi Treថា ការចោទប្រកាន់ដែលថា មន្ត្រីគយ និងពន្ធដារទទួលលុយពីក្រុមហ៊ុន Tenma Vietnam នោះឆ្លុះបញ្ចាំងពីជ្រុងម្ខាងរបស់សារព័ត៌មានជប៉ុនតែប៉ុណ្ណោះ ។
យ៉ាងណាក៏ដោយ ការស៊ើបអង្កេតបន្ថែមកំពុងដំណើរការ ។
គួររំលឹកថា ក្រុមហ៊ុន Tenma Vietnam បង្កើតឡើងក្នុងឆ្នាំ២០០៧ នៅភាគខាងជើងខេត្ត Bac Ninh ជាមួយដើមទុនប្រហែល ៣៥ លានដុល្លារអាមេរិក ។ ក្រុមហ៊ុននេះបានសហការពេញលេញពីក្រុមហ៊ុនមេនៅជប៉ុន ។ ក្រុមហ៊ុននេះមានជំនាញក្នុងការផលិត និងធ្វើពាណិជ្ជកម្មសមាសធាតុប៉្លាស្ទិច និងផ្សិតប្លាស្ទិកជាដើម ៕ ប្រែសម្រួលដោយ៖ thach yat