ចាប់តាំងពីការរាតត្បាត នៃកូវីដ១៩នោះមក បានធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី ធ្លាក់ចុះយ៉ាងខ្លាំង ហើយប្រទេសនេះបានបន្ទាបនូវការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួន នៅក្នុងឆ្នាំ២០២០ ដោយធ្លាក់ចុះ ចន្លោះពី៤-៧ភាគរយ។
ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី កាលពីពេលកន្លងមក បានព្យាករទៅលើផលិត ផលក្នុងស្រុកសរុបរបស់ប្រទេសមួយ ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើពាណិជ្ជកម្មថា សេដ្ឋកិច្ចរបស់ប្រទេសនេះ នឹងធ្លាក់ចុះចន្លោះពី១-៤ភាគរយ នៅក្នុងឆ្នាំ២០២០នេះ។ បើតាមការពិនិត្យឡើងវិញ លើទិន្នន័យ ដែលចេញផ្សាយបង្ហាញថា សេដ្ឋកិច្ច នៅឆមាសទី១ នៃឆ្នាំនេះបានធ្លាក់ចុះ។
ការត្រួតពិនិត្យឡើងវិញ ស្របពេលជាមួយនឹងការចេញផ្សាយទិន្នន័យ បង្ហាញថា សេដ្ឋកិច្ច នៅក្នុងរយៈពេល៣ខែដំបូង នៃឆ្នាំនេះបានធ្លាក់ចុះ០,៧ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ និងប្រចាំឆ្នាំ ៤,៧ ភាគរយ។ ក្រសួងបានកាត់បន្ថយគម្រោងសេដ្ឋកិច្ច សម្រាប់ប្រទេសសិង្ហបុរី នៅឆ្នាំ២០២០ ចាប់តាំងពីការផ្ទុះឡើង នៃកូវីដ១៩ កាលពីដើមឆ្នាំនេះ។
បើគិតមកដល់រសៀល ថ្ងៃទី២៦ ខែឧសភា សិង្ហបុរី មានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេបំផុត នៅក្នុងចំណោមប្រទេសទាំង១០ នៅតំបន់អាស៊ាន និងឈរចំណាត់ថ្នាក់លេខ២៦ នៃប្រទេសឆ្លងកូវីដ១៩ច្រើនជាងគេ នៅលើពិភពលោក។ ប្រទេសនេះ មានអ្នកឆ្លងកូវីដ១៩ បន្ដកើនឡើង ៣១ ៩៦០នាក់ ក្នុងនោះជាសះស្បើយ ចំនួន ១៥ ៧៣៨នាក់ និងស្លាប់២៣នាក់៕ ប្រែសម្រួល ដោយ Nuon