ស្តេចល្បែងនៅម៉ាកាវ លោក Stanley Ho ដែលបានបង្កើតអាណាចក្រជំនួញមួយ តាំងពីសម័យអតីតអាណានិគមព័រទុយហ្កាល់ ហើយក្លាយជាអ្នកមានជាងគេ នៅអាស៊ីនោះ បានទទួលមរណភាពហើយ កាល ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ៩៨ឆ្នាំ ។ នេះបើតាមការផ្សាយរបស់បណ្តាញទូរទស្សន៍ចិន CCTV ។
ស្តេចល្បែងដ៏ឆ្នើម ដែលចូលចិត្តរាំ តែបានណែនាំឱ្យអ្នកដែលនៅជិតស្និទ្ធបំផុតរបស់ខ្លួន និងមនុស្សជាទីស្រឡាញ់ឱ្យចៀសឆ្ងាយពីល្បែងស៊ីសងនោះ បានបង្កើតអាជីវកម្មល្បែងភ្នាល់ ដែលរកប្រាក់ចំណេញច្រើនបំផុត នៅលើពិភពលោក តាមរយៈក្រុមហ៊ុនរបស់គាត់ គឺក្រុមហ៊ុន SJM Holdings Ltd ដែលមានតម្លៃប្រហែល ៦ពាន់លានដុល្លារអាមេរិក ។
ភាគហ៊ុនរបស់ក្រុមហ៊ុនទាំងឡាយ នៅក្នុងអាណាចក្រគ្រួសារស្តេចល្បែងនេះ បានកើនឡើង បន្ទាប់ពីព័ត៌មាន ស្តីអំពីមរណភាពនេះបានកើតឡើង ។ ក្រុមហ៊ុន SJM Holdings Ltd ភាគហ៊ុនបានកើនឡើង ៨,៥ ភាគរយ ខណៈភាគហ៊ុនក្រុមហ៊ុនដឹកជញ្ជូន Shun Tak Holdings Ltd កើនឡើង ១៧,៦ ភាគរយ ហើយប្រតិបត្តិករ កាស៊ីណូ Melco បានកើនឡើង ៤,៩ ភាគរយ គឺកើនឡើង ២ ភាគរយពីសន្ទស្សន៍គោល ។
ចាប់កំណើត នៅទីក្រុងហុងកុង ស្តេចល្បែង Stanley Ho មានប្រពន្ធ៤នាក់ និងកូន១៧នាក់ (តាមដែលបានដឹង) ។ ប្រព័ន្ធកូនច្រើន បូករួមទាំងមានទ្រព្យសម្បត្តិស្តុកស្តម្ភផងនោះ បាននាំឲ្យមានជម្លោះនៅក្នុងក្រុមគ្រួសារផ្ទុះឡើង កាលពីឆ្នាំ២០១២រៀងមក ពាក់ព័ន្ធនឹងការបែងចែកកេរមរតក។
ក្រុមអ្នកវិភាគមិនរំពឹងថា មរណភាពរបស់ស្តេចល្បែង Stanley Ho មិនជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រតិបត្តិការប្រចាំថ្ងៃនោះទេ ។
ក្រុមហ៊ុនដែលកាន់កាប់ដោយឯកជនរបស់គាត់ គឺក្រុមហ៊ុន Sociedade de Turismoe Diversões de Macau ឬ STDM នោះ មានភាគហ៊ុនទាំងអស់ តាំងពីសណ្ឋាគារប្រណីត រហូតដល់ឧទ្ធម្ភាគចក្រ និងការប្រណាំងសេះជាដើម ។
ស្តេចល្បែង Stanley Ho បានដឹកនាំអ្វីដែលគេស្គាល់នៅម៉ាកាវថា ជាប្រព័ន្ធ វីអាយភី ឥតមានតម្រូវការឈ្មួញកណ្តាលដើរតួ ក្នុងនាមកាស៊ីណូ ដោយបន្តផ្តល់ឥណទានដល់អ្នកលេងល្បែង និងទទួលខុសត្រូវ នៅក្នុងការប្រមូលបំណុល ។
កូនៗមួយចំនួនរបស់លោក Stanley Ho បានក្លាយជាអ្នកលេងល្បែង ដែលទទួលបានជោគជ័យ ។ កូនស្រីរបស់គាត់ ឈ្មោះ Pansy គឺជាសហប្រធានក្រុមហ៊ុន MGM Resorts’ Macau ។ រីឯកូនប្រុសឈ្មោះ Lawrence ជាម្ចាស់ដំណើរការសណ្ឋាគារ Melco និងកម្សាន្តដ៏ល្បីល្បាញផងដែរ៕ ប្រែសម្រួលដោយ៖ thach yat