អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានថ្លែងថា អង្គការ WHO បានសម្រេចបញ្ឈប់ការធ្វើតេស្តឱសថ Hydroxychloroquine ដែលជាថ្នាំជំងឺគ្រុនចាញ់នោះ ទៅលើអ្នកជំងឺកូវីដ១៩ទៀតហើយ ។
លោក Ghebreyesus បញ្ជាក់ថា ការឈប់ធ្វើតេស្តនេះ ខណៈទិន្នន័យសុវត្ថិភាពកំពុងស្ថិតក្រោមការត្រួតពិនិត្យ។
ប្រភពព័ត៌មានប៊ីប៊ីស៊ី បានផ្សាយថា នៅក្នុងសន្និសីទសារព័ត៌មាន តាមបណ្តាញអ៊ិនធើរណេត កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានលើកឡើងថា ក្រុមនាយកប្រតិបត្តិបានផ្អាកការធ្វើតេស្តថ្នាំ Hydroxychloroquine ខណៈទិន្នន័យបង្ហាញពីសុវត្ថិភាព កំពុងស្ថិតនៅក្រោមការត្រួតពិនិត្យ។ ប៉ុន្តែការធ្វើតេស្ដថ្នាំដទៃទៀត ដែលមានសក្ដានុពល សម្រាប់ការព្យាបាល COVID-19 នៅតែបន្តធ្វើឡើងទៅមុខដដែល ។
អង្គការសុខភាពពិភពលោក ធ្លាប់ព្រមានប្រឆាំងនឹងការប្រើប្រាស់ថ្នាំ Hydroxychloroquine ព្យាបាល ឬបង្ការ COVID-19 លើកលែង តែនៅក្នុងការធ្វើតេស្ត ។
គួរជម្រាបថា រហូតមកដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ស្ថានភាពអ្នកជំងឺកូវីដ១៩ នៅទូទាំងពិភពលោកបានឆ្លងកើន ជាង៥,៥ លាននាក់ ក្នុងនោះបាត់បង់ជីវិត ៣៤៧ ៩៧៧ នាក់ និងជាង ២,២ លាននាក់បានជាសះស្បើយវិញផងដែរ ។
សូមជម្រាបថា រហូតមកដល់ពេលនេះ ជំងឺកូវីដ១៩នេះ នៅមិនទាន់មានថ្នាំព្យាបាលជាក់លាក់ និងវ៉ាក់សាំង នៅឡើយ៕ ប្រែសម្រួលដោយ៖ thach yat