ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញព្រមានបញ្ចេញឈ្មោះអ្នកមិនទាន់បង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ជាសាធារណៈ តាមបណ្តាញសង្គម ឬ ប្រព័ន្ធផ្សព្វផ្សាយនានា បើមិនរួសរាន់មកបង់ថ្លៃសេវាប្រមូលសំរាមឲ្យបានទាន់ពេលវេលានោះទេ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញដែល TNAOT ទទួលបាននៅថ្ងៃនេះ។
តាមរយៈសេចក្តីជូនដំណឹង រដ្ឋបាលរាជធានីភ្នំពេញបានកត់សម្គាល់ឃើញថា មានបងប្អូនប្រជាពលរដ្ឋភាគច្រើនបានបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងរួចហើយ។ ប៉ុន្តែ នៅមានបងប្អូនប្រជាពលរដ្ឋមួយចំនួនទៀត មិនទាន់បានបំពេញកាតព្វកិច្ចបង់ថ្លៃសេវាប្រមូលសំរាម នឹងសំណល់រឹង នេះនៅឡើយ។
រដ្ឋបាលរាជធានីភ្នំពេញមានវិធានការ កត់តា្របំណុល ហើយអនុវត្តវិធានការរដ្ឋបាល ដោយបិទអាជីវកម្ម ឬសេវាកម្មជាបណ្តោះអាសន្ន ព្រមទាំងអនុវត្តវិធានការផ្សេងៗទៀតតាមការចាំបាច់ផងដែរ បើសិននៅតែមិនរួសរាន់ទៅបង់ថ្លៃសេវាប្រមូលសំរាម៕ ដោយ៖ ប៊ុនធឿន