សៀមរាប៖ បឹងពារាំង ដែលជាតំបន់ប្រជុំទៅដោយសត្វស្លាបដ៏គួរឱ្យទាក់ទាញ កំពុងទទួលចំណាប់អារម្មណ៍ពីសំណាក់មហាជនខ្លាំងក្នុងមួយរយៈចុងក្រោយនេះ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប។
ស្ថិតក្នុងសង្កាត់ជ្រៀវ ខាងត្បូងក្រុងសៀមរាប សហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំងមានវិសាលភាពលើផ្ទៃដីប្រមាណ ២៥០ហិកតា ពាសពេញទៅដល់ទឹកបឹង ដៃបឹង កោះតូចធំ ព្រៃរនាម ស្រែស្រូវ មច្ឆាជាតិ និងពពួកសត្វស្លាបទឹកជាងរយប្រភេទ។ ចម្ងាយពីប្រជុំជនក្រុងប្រមាណ ១៣គីឡូម៉ែត្រ អមដោយស្រែស្រូវចម្ការដំណាំរបស់ប្រជាកសិករ គេនឹងបានទៅដល់បឹងពារាំង ដែលជាជម្រកបក្សីដ៏សុខកម្សាន្ត។
ក្នុងតំបន់នោះ ប្រជុំទៅដោយសត្វស្លាបជាច្រើនដូចជា ទុង រនាល ក្រសារ ត្រដក់ ក្អែកទឹក ស្មោញ កុក ចង្កៀលខ្យង ក្រៀល ជើងទៀនជាដើម នោះកំពុងឈរត្រៀបត្រាដេរដាសនៅលើផ្ទៃបឹង ហាក់កំពុងរៀបចំបង្វិចមុនចេញដំណើរទៅរកចំណីនៅទីផ្សេងពីជម្រក លុះដល់ពេលល្ងាចពពួកសត្វស្លាបទាំងនោះ បានហោះហើរត្រលប់មកជម្រករៀងខ្លួនវិញ ហើយផ្ដុំគ្នានៅទីដដែលនេះមុនចូលសំបុក រំលេចបានជាទិដ្ឋភាពសហគមន៍សត្វស្លាបមួយ ដែលកំពុងរស់នៅយ៉ាងសុខក្សេមក្សាន្តគ្មានជម្លោះទាស់ទែងគ្នានោះឡើយ។
ទិដ្ឋភាពល្អៗសប្បាយៗនៅសហគមន៍បឹងពារាំងនេះ កំពុងក្លាយជាចំណីចក្ខុរបស់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ក្នុងការមកទស្សនាកម្សាន្តរំសាយអារម្មណ៍ឱ្យបានយ៉ាងហោចណាស់ក៏ម្ដង ឬពីរដងដែរ ដើម្បីឱ្យស្គាល់ថា ជីវភាពរស់នៅរបស់ពពួកសត្វស្លាប រួមផ្សំនឹងទេសភាព ទិដ្ឋភាពនៅដ៏ស្រស់ស្រាយបែបនេះ៕ ដោយ៖ តារា