ភ្នំពេញ៖ ពេញមួយសប្ដាហ៍តំបន់ខ្លះក្នុងប្រទេសកម្ពុជា នឹងមានភ្លៀងធ្លាក់ស្ទើររាល់ថ្ងៃ ដែលអាចបង្កជាគ្រោះធម្មជាតិដូចជា ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាដើម។ នេះបើយោងតាមសេចក្ដីជូនដំណឹងនៃក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ។
តាមការបញ្ជាក់របស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្ត ដោយសង្កេតឃើញថា ខ្យល់មូសុងនរតីនឹងបក់ខ្លាំងមកលើកម្ពុជា ជាមួយនិងរដូវវស្សាឈានមកដល់។ ក្នុងស្ថានភាពនេះ នឹងធ្វើឱ្យចាប់ពីថ្ងៃ២៧ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ នឹងធ្វើឱ្យសីតុណ្ហភាពចន្លោះពី ២៥ ដល់ ៣៦អង្សាសេ ហើយតំបន់មួយចំនួន នឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយ ទៅកម្រិតខ្លាំង។
អាស្រ័យតាមស្ថានភាពខាងលើ ក្រសួងឧតុនិយម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់ ដែលអាចកើតមានឡើង និងអាចបង្កជាគ្រោះថ្នាក់ណាមួយជាយថាហេតុ៕ ដោយ៖ តារា