នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ បានប្រកាសថា ជប៉ុននឹងបដិសេធការចូលមករបស់ជនបរទេសចំនួន១១សញ្ជាតិបន្ថែមទៀត ក្នុងនោះរួមមានឥណ្ឌាផងដែរ។ នេះជាការខិតខំរបស់ជប៉ុន ទប់ស្កាត់ឲ្យបានការឆ្លងរាតដាលពីវីរុសកូវីដ១៩ កុំឲ្យធ្ងន់ធ្ងរឡើងវិញ ។ នៅថ្ងៃជាមួយគ្នានេះដែរ ជប៉ុនក៏បានប្រកាសដកស្ថានភាពអាសន្នថ្នាក់ជាតិ ដែលបានអនុវត្ត ដើម្បីទប់ស្កាត់កូវីដ១៩ នាពេលកន្លងមក ។
លិខិតស្តីអំពីបម្រាមថ្មីនោះបានបញ្ជាក់ថា ពលរដ្ឋដែលមិនមែនជាពលរដ្ឋជប៉ុន ស្ថិតនៅប្រទេសអាហ្វហ្គានីស្ថាន, អាហ្សង់ទីន, បង់ក្លាដែស, អេលសាវ៉ាឌ័រ, ហ្កាណា, ហ្គីណេ, ឥណ្ឌា, កៀហ្ស៊ីស៊ីស្ថាន, ប៉ាគីស្ថាន, អាហ្វ្រិកខាងត្បូង និងតាហ្ស៊ីគីស្ថាន ក្នុងរយៈពេលពីរសប្តាហ៍មុនការមកដល់របស់ពួកគេ គឺមិនអនុញ្ញាតឲ្យចូលមកកាន់ប្រទេសជប៉ុននោះឡើយ ។
លោកនាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងថា បម្រាមនេះចាប់ផ្តើមមានប្រសិទ្ធភាព nOថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០តទៅ ។
គួរបញ្ជាក់ថា ជប៉ុនបានហាមប្រាមពលរដ្ឋ នៅក្នុងតំបន់ និងប្រទេសប្រហែល១១១ ក្នុងនោះរួមមាន ចិន, កូរ៉េខាងត្បូង, សហរដ្ឋអាមេរិក និងប្រទេសនៅតំបន់អឺរ៉ុបទាំងអស់ មិនឲ្យចូលមកកាន់ជប៉ុននោះឡើយ ដែលជាវិធានការទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ។
ពលរដ្ឋជប៉ុនដែលនៅក្រៅប្រទេស ហើយមានបំណងចូលមកក្នុងប្រទេសនោះ ក៏នឹងត្រូវធ្វើតេស្តវីរុសជាមុនសិន ឬធ្វើចត្តាឡីស័ក រយៈពេល២សប្តាហ៍ ដើម្បីឲ្យបានជាក់ច្បាស់ថា តើមានផ្ទុកវីរុសកូវីដ១៩ដែរឬអត់។
ជប៉ុននឹងបន្តត្រួតពិនិត្យព្រំដែន តាមរយៈវិធានការនានា រហូតដល់ដំណាច់ខែក្រោយនេះ ។ ក្នុងនោះរួមមានការផ្អាកផ្តល់ទិដ្ឋាការ និងការដាក់ឲ្យនៅដោយឡែក រយៈពេលកន្លះខែ រាល់អ្នកទាំងឡាយដែលចូលមកកាន់ទឹកដីជប៉ុន ។
គួរបញ្ជាក់ថា ជប៉ុនទើបតែបានប្រកាសដកចេញស្ថានភាពប្រកាសអាសន្នថ្នាក់ជាតិ កាលពីថ្ងៃទី២៥ ខែឧសភា ខណៈការឆ្លងរាតត្បាតជំងឺកូវីដ ១៩ នៅទូទាំងប្រទេស បានថយចុះ ពីជាង ៧០០ករណី មកនៅត្រឹមជាង ៣០ករណី ក្នុងមួយថ្ងៃ។
លោកនាយករដ្ឋមន្រ្តីជប៉ុន បានប្រកាសដកចេញការប្រកាសអាសន្នថ្នាក់ជាតិ ដែលរដ្ឋាភិបាលបានចាប់អនុវត្ត តាំងពីថ្ងៃទី៧ ខែមេសា មក ដោយសារវិបត្តិកូវីដ ១៩ ។ បើតាមគម្រោងការប្រកាសអាសន្នថ្នាក់ជាតិ នៅជប៉ុនត្រូវពន្យារពេលរហូតដល់ថ្ងៃទី៣១ ខែឧសភា។ ប៉ុន្តែ នៅពាក់កណ្តាលខែ ឧសភា រដ្ឋាភិបាលបានដកចេញបណ្តើរៗការប្រកាសអាសន្ន នៅតាមខេត្ត តំបន់ចំនួន៣៩ ក្នុងចំណោមខេត្តក្រុង សរុបចំនួន ៤៧របស់ជប៉ុន ។
បើគិតមកដល់ថ្ងៃទី២៥ ខែឧសភា ជប៉ុនមានមនុស្សស្លាប់ ដោយសារកូវីដ ១៩ ចំនួន ៨៣០នាក់ និងករណីឆ្លងកូរ៉ូណាវីរុស ជាង ១ម៉ឺន ៦ពាន់នាក់ (១៦ ៥៨១នាក់) ៕ ប្រែសម្រួលដោយ៖ thach yat