អតីតខ្សែប្រយុទ្ធ Ivan Zamorano របស់ក្លិប Inter បានអះអាងថា ក្លិប Barcelona មិនអាចមានលទ្ធភាពចុះហត្ថលេខាយកខ្សែប្រយុទ្ធ Lautaro Martinez បានឡើយនៅរដូវក្តៅនេះ។
ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ ត្រូវបានផ្សាភ្ជាប់នឹងការផ្លាស់ទៅ ក្លិប Barcelona នៅរដូវក្តៅខាងមុខ បន្ទាប់ពីស៊ុតបញ្ចូលទីបាន ១៨គ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន ៣៣ប្រកួត គ្រប់កម្មវិធីទាំងអស់នៅរដូវកាលនេះ។
យ៉ាងណាមិញ មានពាក្យចចាមអារ៉ាមថា ក្លិប Inter បានចាត់ទុកខ្សែប្រយុទ្ធ Edinson Cavani របស់ក្លិប Paris Saint-Germain ជាអ្នកមកជំនួស Martinez នៅរដូវកាលក្រោយ ខណៈពេលដែល លោក Zamorano បានអះអាងថា ខ្សែប្រយុទ្ធវ័យ ២២ ឆ្នាំរូបនេះ នឹងបន្តលេងនៅទឹកដី San Siro នៅរដូវកាលក្រោយទៀត។
លោក Zamorano បានប្រាប់ទូរទស្សន៍មិកស៊ីកូ TUDN ថា “ខ្ញុំសង្ឃឹមថា Martinez នឹងស្នាក់នៅជាមួយ Inter តទៅមុនទៀត។ Barcelona មានបញ្ហាសេដ្ឋកិច្ចដែលធ្វើឱ្យពួកគេពិបាកចុះហត្ថលេខាលើ Martinez ដូច្នេះបើតាមគំនិតរបស់ខ្ញុំគាត់នឹងបន្តស្នាក់នៅ Inter ដោយគ្មានការសង្ស័យទេ”។
លោកបានបន្ថែមទៀតថា “ខ្ញុំធានាថា Martinez គឺជាអនាគតរបស់ Inter។ Barcelona ត្រូវចំណាយតិចបំផុតត្រឹម ១០០ លានផោន ដូច្នេះវាមិនមែនជារឿងងាយស្រួលសម្រាប់ពួគគេទេ”៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore