ទស្សនៈកំពូលទាំង ៤ របស់ស៊ុនឈាន ស្ដេចវ័យក្មេងគ្រប់គ្រងនគរធំមួយក្នុងចំណោមនគរបីក្នុងរឿង”សាមកុក”!
ប្រិយមិត្តរបស់ Anarchak ដែលតាមដានរឿងភាគចិនបែបប្រវត្តិសាស្ដ្រដ៏ល្បីល្បាញ សាម កុក ប្រាកដជាជ្រាបហើយពីកិត្តិនាមរបស់តួអង្គ ស៊ុន ឈាន ដែលជាស្តេចត្រាញ់មួយក្នុងចំណោមស្តេចត្រាញ់ទាំងបី ដែលពីររូបទៀតគឺ ឆាវឆាវ និងលីវប៉ី។
ស៊ុនឈាន ថ្វីត្បិតតែនៅវ័យក្មេងមែនពិត តែគេអាចបន្តកិច្ចការធំពីឪពុកនិងបងប្រុសគ្រប់គ្រងនគរ តុងអ៊ូ ដោយសារតែប្រជ្ញាដ៏ឈ្លាសវៃក្នុងការដឹកនាំប្រទេស មន្ដ្រីរាជការ និងកងទ័ពទាំងមូល។
ខាងក្រោមជាទស្សនៈដ៏អស្ចារ្យ ៤ ក្នុងចំណោមទស្សនៈល្អៗជាច្រើនរបស់ស៊ុនឈានក្នុងរឿងសាមកុកដែលប្រិយមិត្តគួរដឹង៖
១. ទាល់តែយើងខ្លាំងខ្លួនឯងសិន ទើបអ្នកដទៃព្រមមកជួយដល់យើង៖
ស៊ុនឈានពោលពាក្យនេះនៅពេលដែលនគរខ្លួនរងការគម្រាមកំហែង ហើយមន្ដ្រីជាច្រើនផ្ដល់យោបល់ឱ្យសំុំជំនួយពីខាងក្រៅ។ តែចំពោះស៊ុនឈាន ការសុំជំនួយអាចទទួលបានជោគជ័យឬអត់វាអាស្រ័យលើខ្លួនឯងសិន។
បើខ្លួនយើងខ្លាំងគួរសម ទើបអ្នកដទៃគេហ៊ានមកជួយព្រោះគេអាចនឹងបានប្រយោជន៍ខ្លះវិញពីយើង ហើយភាគរយដែលនឹងអាចឈ្នះសត្រូវក៏ខ្ពស់តាមនោះដែរ។ ផ្ទុយទៅវិញបើយើងខ្សោយអ្នកដទៃគេអាចនឹងរារែកមកជួយ ហើយបើគេជួយក៏គង់គេឈ្លាតឱកាសលេបត្របាក់យើងដែរ។
២. ត្រូវហ៊ានលះបង់ប្រយោជន៍ផ្ទាល់ខ្លួន បើចង់សម្រេចបានប្រយោជន៍រួម៖
ពិតណាស់នេះសមជាសម្ដីមាសរបស់អ្នកដឹកនាំនគរដ៏ធំមួយ ដោយអាចបង្រួបបង្រួមមន្ដ្រីក្រោមឱវាទឱ្យចេះសាមគ្គីគ្នាសម្រេចប្រយោជន៍រួមរបស់នគរជាជាងប្រយោជន៍ផ្ទាល់ខ្លួនឬមួយក្រុមតូច។
ដរាបណាគេសម្រេចប្រយោជន៍រួមបានហើយ នោះប្រយោជន៍ផ្ទាល់ខ្លួនវានឹងអាចមកតាមក្រោយបាន តែបើគិតប្រយោជន៍ផ្ទាល់ខ្លួនមុនច្បាស់ណាស់ថាគ្មានថ្ងៃរកប្រយោជន៍រួមឃើញទេ។
៣. វាយយកក្រុងមិនសូវពិបាកទេ ប៉ុន្តែការពារក្រុងដែលវាយយកបានឱ្យគង់ទើបជារឿងពិបាកបំផុត៖
ក្នុងន័យនេះការវាយយកក្រុងអាចសម្រេចបានដោយការប្រើត្រឹមផែនការខ្លី ផ្សំនឹងកម្លាំងទ័ពធំសម្រុកនិងក្បួនយុទ្ធសាស្ដ្រត្រឹមត្រូវ តែសម្រាប់នគរធំដូចតុងអ៊ូវាមិនពិបាកទេក្នុងការវាយយកក្រុងតូចៗថ្មីៗមកកាន់កាប់។
តែអ្វីដែលពិបាកនោះគឺការធានាថាក្រុងដែលធ្លាក់មកលើដៃនោះអាចស្ថិតក្រោមការគ្រប់គ្រងរបស់យើងរហូត ដែលនោះត្រូវទាមទារផែនការវែង និងនយោបាយគ្រប់គ្រងក្រុង ចិញ្ចឹមប្រជាជនបង្ការការបះបោរ។
ក្នុងជីវិតយើងក៏ស្រដៀងគ្នាដែរ ការឈោងចាប់យកអ្វីៗអាចប្រើការខំប្រឹងមួយប្រាវក៏ទទួលបាន តែអ្វីដែលពិបាកត្រូវធ្វើយ៉ាងណារក្សាវាឱ្យគង់។
៤. បើគ្រាន់តែរឿងតូចតាចក៏អាចធ្វើឱ្យយើងខឹងគ្រប់គ្រងមិនបាន តើមានមុខមាត់អីធ្វើជាស្ដេចផែនដី?
ស៊ុនឈានពោលពាក្យមួយឃ្លាដ៏អស្ចារ្យនេះនៅចំពោះមុខរាល់មន្ដ្រី ពេលដែលទ្រង់ត្រូវសត្រូវប្រមាថ និងទទួលរងភាពក្អេងក្អាងពីសំណាក់មេទ័ពខ្លួន។
តែអ្វីដែលគួរឱ្យស្ងើច ជំនួសឱ្យការខឹងក្រេវក្រោធ ស៊ុនឈានបែរជាអាចរក្សាជំហរខ្លួនបានយ៉ាងមាំ និងធ្វើចិត្តយ៉ាងត្រជាក់មិនខ្វល់ពីការប្រមាថទាំងនោះ ហើយយកកម្លាំងនិងពេលវេលាទៅរកដំណោះស្រាយនិងផ្លូវចេញពីវិបត្តិវិញ។
នេះបង្ហាញឱ្យឃើញថា បើចង់កាន់ការធំនិងមុខងារសំខាន់ៗជាងអ្នកដទៃ បើចង់ធ្វើចៅហ្វាយអ្នកដទៃ ឬអ្នកដឹកនាំគេ យើងត្រូវតែហ៊ានទ្រាំទ្រនឹងសម្ពាធនិងលេបថ្មលេបគ្រោះដែលអ្នកដទៃមិនអាចធ្វើបាន៕