កងទ័ពរដ្ឋាភិបាលស៊ីរី បានបើកប្រតិបត្ដិការយោធា បោសសម្អាតក្រុមភេរវករ នៅជិតទីក្រុង Salmiya នាភាគពាយព្យប្រទេស ជាកន្លែងដែលក្រុមនេះឆ្មក់វាយប្រហារទៅលើក្បួនយោធា។
សារព័ត៌មាន Al-Masdar បានរាយការណ៍ កាលពីថ្ងៃទី២៤ ខែឧសភា ថា កងទ័ពស៊ីរី បានបោសសម្អាតក្រុមរដ្ឋអ៊ិស្លាម នៅក្នុងប្រតិបត្ដិការយោធាមួយ នៅភាគពាយព្យ នៃខេត្ដ Raqqa។ ប្រតិបត្ដិការសឹកនេះ បានកើតឡើង នៅជិតទីក្រុង Salmiya ជាកន្លែងដែលក្រុមភេរវករ បើការវាយប្រហារមកលើក្បួនរថយន្ដ។
បណ្ដាញសារព័ត៌មានដដែល បានបន្ដថា ក្រុមរដ្ឋអ៊ិស្លាម បានបាត់បង់ការគ្រប់គ្រង់ទៅលើតំបន់ជាច្រើន នៅភាគខាងកើត នៃប្រទេសស៊ីរី និងប្រទេសជិតខាងអ៊ីរ៉ាក់ បន្ទាប់ពីក្រុមភេរវករចាញ់សង្រ្គាម នៅក្នុងអំឡុងឆ្នាំ២០១៧។ បើគិតចាប់តាំងពីថ្ងៃទី២៤ ខែមេសា រហូតមកដល់ថ្ងៃទី២៤ ខែឧសភា ក្រុមភេរវករបានវាយប្រហារប្រឆាំងនឹងកងកម្លាំងរបស់រដ្ឋាភិបាលស៊ីរី ចំនួន១១លើក ដោយបានបណ្ដាលឲ្យកងទ័ពស៊ីរី និងក្រុមជីវពល ចំនួន៣៧នាក់ ស្លាប់។
ប្រភពព័ត៌មានដដែល បានបញ្ជាក់ថា នៅក្នុងអំឡុងពេលខាងលើនេះ ក្រុមរដ្ឋអ៊ិស្លាម ក៏ត្រូវបានរាយការណ៍ ពីការវាយប្រហារទៅលើកងទ័ពឃឺត មកពីកងកម្លាំងប្រជាធិបតេយ្យស៊ីរី។ ក្រុមភេរវករតែងតែវាយប្រហារទៅលើភូមិឋាន សម្លាប់ និងចាប់ពង្រត់អ្នកស្រុក។ រីឯប្រតិបត្ដិការខាងលើនេះ កងទ័ពស៊ីរី និងកងជីវពលឃឺដ បានសម្លាប់ក្រុមភេរវករចំនួន ៤៧នាក់ ផងដែរ៕ ប្រែសម្រួល ដោយ Nuon