ក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្ដីការបរទេសចិន លោក Wang Yi បានថ្លែងថា រដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងតែធ្វើការជាមួយនឹងរុស្ស៊ី ដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងកូវីដ១៩ និងស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយកូវីដ១៩។
លោករដ្ឋមន្រ្ដីក្រសួងការបរទេសចិន បានបញ្ជាក់ថា កិច្ចសហប្រតិបត្ដិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ រវាងចិន និងរុស្ស៊ី ក៏នឹងជួយបង្កើននូវចំណងមិត្តភាពទ្វេភាគ ឲ្យកាន់តែប្រសើរឡើងថែមទៀត។ បញ្ហានេះ មិនមែនអ្វីជាអាថ៌កំបាំងនោះឡើយ ហើយកិច្ចសហប្រតិបត្ដិការ រវាងប្រទេសនេះ ក៏ដើម្បីធ្វើសង្គ្រាមប្រឆាំងកូវីដ១៩។ ការរួមដៃគ្នាបែបនេះ នឹងធ្វើឲ្យមានកម្លាំងខ្លាំងក្លា នៅក្នុងការដោះស្រាយបញ្ហាវិបត្ដិនេះ។
លោករដ្ឋមន្រ្ដី បានបន្ដថា យើងនឹងនៅតែរក្សាកិច្ចសហប្រតិបត្ដិការ ប្រកបដោយស្ថិរភាព នៅក្នុងវិស័យថាមពល និងវិស័យផ្សេងៗទៀត ក៏ដូចជា អភិវឌ្ឍសហប្រតិបត្ដិការ នៅក្នុងពាណិជ្ជកម្មអគ្គិសនី និងជីវវេជ្ជសាស្រ្ដ សម្រាប់បង្កើតជាយន្ដការថ្មី នៃការងើបឡើងនូវសេដ្ឋកិច្ច នៅក្នុងអំឡុងពេលក្រោយកូវីដ១៩។
បើគិតត្រឹមព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ រុស្ស៊ី មានអ្នកឆ្លងកូវីដ១៩ ចំនួន ៣៤៤ ៤៨១នាក់ ក្នុងនោះស្លាប់ ៣ ៥៤១នាក់ និងជាសះស្បើយ ១១៣ ២៩៩នាក់។ ចិន ជាប្រភពដើម នៃវីរុសកូវីដ១៩នោះ មានអ្នកឆ្លង ៨២ ៩៨៥នាក់ ស្លាប់ ៤ ៦៣៤នាក់ និងជាសះស្បើយ ៧៨ ២៦៨នាក់។ រហូតមកដល់ពេលនេះ រុស្ស៊ី ឈរក្នុងលំដាប់លេខ៣ នៃប្រទេសមានអ្នកឆ្លងកូវីដ១៩ ច្រើនជាងគេ នៅលើពិភពលោក ខណ:ចិន ធ្លាក់មកលំដាប់លេខ១៤៕ ប្រែសម្រួលដោយ Nuon