ប្រទេសអ្នកឆ្លងកូវីដ១៩បំផុតទីមួយក្នុងលោក ហាមប្រទេសឆ្លងបំផុតទីពីរ ប្រេស៊ីល មិនឲ្យចូលអាមេរិក
សេតវិមានបានប្រកាសកាលពីថ្ងៃទី២៤ ខែឧសភាថា ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យបានសម្រេចហាមប្រាមការធ្វើដំណើរពីប្រទេសប្រេស៊ីល ចូលមកកាន់ទឹកដីសហរដ្ឋអាមេរិក ដោយសារតែប្រេស៊ីលកំពុងក្លាយជាចំណុចក្តៅ ការរាតត្បាតជំងឺកូវីដ១៩ខ្លាំងបំផុត ។
លេខាធិការព័ត៌មានសេតវិមាន លោកស្រី Kayleigh McEnany បានថ្លែងថា ជនមិនមែនជាជនជាតិអាមេរិកដែលបានស្ថិតនៅក្នុងប្រទេសប្រេស៊ីល ក្នុងរយៈពេល១៤ ថ្ងៃមុន ពេលពួកគេស្វែងរកការចូលអាមេរិក គឺមិនអាចចូលមកអាមេរិកបានទេ ។ ការហាមប្រាមនេះ មិនប៉ះពាល់ដល់សកម្មភាពពាណិជ្ជកម្មនោះឡើយ ។
លោកស្រី Kayleigh McEnany បានថ្លែងការណ៍មួយថា «សកម្មភាពថ្ងៃនេះ នឹងជួយធានាថាជនជាតិបរទេសដែលបានស្ថិតនៅក្នុងប្រទេសប្រេស៊ីល មិនបានក្លាយជាប្រភពចម្លងវីរុសបន្ថែម នៅក្នុងប្រទេសរបស់យើងនោះទេ» ។
គួរបញ្ជាក់ថា ប្រេស៊ីលបានក្លាយជាប្រទេសឆ្លងកូវីដ១៩ខ្លាំងជាងគេបំផុតទីពីរ នៅក្នុងលោក គឺមានអ្នកឆ្លងកើនជាង ៣៦០.០០០ ករណី ក្នុងនោះអ្នកស្លាប់ជាង ២២.០០០ នាក់ ។ អាមេរិកមានអ្នកឆ្លងច្រើនបំផុត ជាង១,៦លាននាក់ ក្នុងនោះបាត់បង់ជីវិតជាង៩៨ពាន់នាក់ ។
ក្រសួងការបរទេសអាមេរិកបានប្រកាសថា «ការសម្រេចចិត្តនេះ គឺដូចគ្នាទៅនឹងវិធានការណ៍ធ្វើឡើងកាលពីពេលមុន គឺផ្អាកការធ្វើដំណើរពីប្រទេសផ្សេងៗ ដែលរងផលប៉ះពាល់ខ្លាំងដោយសារជំងឺកូវីដ ១៩ រួមមានប្រទេសចិន, អ៊ីរ៉ង់, ចក្រភពអង់គ្លេស និងអៀរឡង់ ក៏ដូចជាតំបន់ Schengen របស់សហភាពអឺរ៉ុប» អឺចឹងដែរ ។
ប្រទេសប្រេស៊ីលខ្លួនឯងក៏បានហាមឃាត់ជនបរទេសទាំងអស់ មិនឱ្យចូលក្នុងប្រទេសនេះទេ ដោយសារតែជំងឺឆ្លងរាតត្បាត ៕ ប្រែសម្រួលដោយ៖ thach yat