អ្នកជំងឺវីរុសកូវីដ-១៩ មានអាយុក្មេងជាងគេក្នុងប្រទេសថៃដែលជាទារកអាយុមួយខែបានជាសះស្បើយយ៉ាងពេញលេញហើយត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញនៅឯខេត្ត Rayongកាលពីព្រឹកថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានព្យាបាលអស់រយៈពេលជិត ២០ថ្ងៃ នៅឯវិទ្យាស្ថាននៃជំងឺឆ្លង Bamrasnaradura ក្នុងខេត្ត Nonthaburi ។
យោងតាមសម្តីរបស់អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលសាធារណៈលោក Satit Pitutacha បានឱ្យដឹងថា ទារកនោះមានឈ្មោះ Kin Kin ត្រូវបានគិលានុប្បដ្ឋាយិកាបញ្ជាក់យ៉ាងច្បាស់អំពីការជាសះស្បើយដោយបានធ្វើតេស្តសាកល្បងចំនួន ៣ដងក្រោយពេលព្យាបាល។
លោកបានបន្ថែមថា ទារកចាប់ផ្តើមមានសុខភាពល្អគួរឱ្យស្រលាញ់ ហើយគ្រាន់តែយំទារបៅទឹកដោះគោពេលយប់ប៉ុណ្ណោះ។ ទារកបានឡើងទម្ងន់នៅពេលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យពី ៥គីឡូក្រាមឡើងដល់ ៥.៨ គីឡូក្រាម។ ទារកKin Kinជាអ្នកជំងឺទី៦ ក្នុងខេត្ត Rayong។
ទន្ទឹមនឹងនេះដែរ ក្រសួងសុខាភិបាលបានកំណត់ថា ប្រទេសម៉ាឡេស៊ី មីយ៉ាន់ម៉ា កម្ពុជា ឥណ្ឌូនេស៊ី និងឡាវ ជាដែនដីឆ្លងជំងឺដ៏គ្រោះថ្នាក់ចាប់ពីថ្ងៃនេះតទៅ។ កាលពីខែមីនាប្រទេសចិន កូរ៉េខាងត្បូង អ៊ីតាលីនិងអ៊ីរ៉ង់ ក៏ធ្លាប់ត្រូវបានកំណត់ថាជាប្រទេសមានគ្រោះថ្នាក់ផងដែរ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Thai PBS WORLD