ប្រភពរ៉យទ័រផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ថា ប្រទេសថៃ ពុំមានករណីឆ្លងថ្មី ឬបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩នោះឡើយ នៅពេលបច្ចុប្បន្ននេះ ។
ប្រភពបន្តថា ប្រទេសថៃ ស្ថិតក្នុងតួលេខថេរស្តីអំពីអ្នកឆ្លងជំងឺកូវីដ១៩ គឺចំនួន ៣ ០៣៧ នាក់ ក្នុងនោះបាត់បង់ជីវិត ៥៦ នាក់ គិតចាប់តាំងពីជំងឺបានផ្ទុះឡើងដំបូងគេក្នុងខែមករា ឆ្នាំ២០២០ រៀងរហូតមកដល់ពេលបច្ចុប្បន្ននៅក្នុងប្រទេសថៃ ។
ក្នុងចំណោមអ្នកជំងឺសរុប គឺមានចំនួន ២ ៩១០ នាក់បានជាសះស្បើយត្រឡប់ទៅផ្ទះវិញផងដែរ ។ នេះបើតាមសេចក្តីប្រកាសរបស់កងកម្លាំងទទួលបន្ទុកប្រឆាំងកូរ៉ូណាវីរុសរបស់រដ្ឋាភិបាលថៃ បន្ទាប់ពីធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ ។
គួរលើកមកជម្រាបជូនថា ជំងឺកូរ៉ូណាវីរុសប្រភេទថ្មី ឬកូវីដ១៩ (COVID-19) ផ្ទុះឡើងដំបូងគេនៅក្នុងខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាលប្រទេសចិន ។
រយៈពេលប្រហែល៦ខែកន្លងមកនេះ វីរុសកូវីដ១៩ បានឆ្លងរាតត្បាតនៅដែនដី និងប្រទេសសរុប២២៩ជុំវិញពិភពលោក ។ ប្រភព worldometers បានផ្សាយថា វីរុសនេះឆ្លងលើមនុស្សជាង ៥,៤លាននាក់ ក្នុងនោះបាត់បង់ជីវិតជាង៣៤ម៉ឺននាក់ និងជាង ២,២ លាននាក់ជាសះស្បើយនៅជុំវិញពិភពលោក ៕ ប្រែសម្រួលដោយ៖ thach yat