ក្លិបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា កំពុងដាក់គោលដៅផ្ទេរយកខ្សែបម្រើស្លាបស្តាំ Adama Traore ពីក្លិបចចកខ្មៅ Wolves នៅរដូវក្តៅនេះ។
ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះ ត្រូវបាន លោក Jurgen Klopp គ្រូបង្វឹកក្លិប Liverpool ចាប់អារម្មណ៍ពីទម្រង់លេងរបស់គេយ៉ាងខ្លាំងនៅរដូវកាលនេះ បន្ទាប់ពីស៊ុតបញ្ចូលទីបាន ៤គ្រាប់ រួមទាំងប៉ះបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី (Assists) ៧លើកផងដែរ ក្រៅពីការបង្ហាញខ្លួន ២៨ ប្រកួតក្នុងក្របខណ្ឌ Premier League។ អតីតខ្សែបម្រើរបស់ក្លិប Barcelona រូបនេះ មានការវិវដ្តសមត្ថភាព និងបច្ចេកទេសលេងយ៉ាងល្អ ក្រោយផ្លាស់មកចូលរួមជាមួយក្លិប Wolves នៅឆ្នាំ២០១៨។
យ៉ាងណាមិញ បើតាមការចុះផ្សាយរបស់កាសែតកីឡា The Sun បានឱ្យដឹងថា ក្លិប Liverpool នឹងត្រៀមកញ្ចប់ទឹកប្រាក់ប្រមាណ ៦០លានផោន ដើម្បីផ្ទេរយកខ្សែបម្រើ Traore ពីក្លិប Wolves នៅរដូវក្តៅខាងមុខ។ លោក Klopp ចង់បានខ្សែបម្រើវ័យ ២៤ឆ្នាំ រូបនេះ មកជួយពង្រឹងបន្ថែមនៅតំបន់លេងរបស់កីឡាករ Sadio Mane និង Roberto Firmino នៅរដូវកាលក្រោយ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖The Sun