អូស្រ្តាលី តំបន់ឈូងសមុទ្រខាងលេចកំពុងត្រៀមខ្លួនទទួលរងការវាយប្រហារពីខ្យល់ព្យុះកម្លាំងខ្លាំងមួយ មិនធ្លាប់មានក្នុងទសវត្សរ៍ ។ វានឹងមកដល់នៅវេលាម៉ោងប្រហែល៦ល្ងាច ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ (ពេលវេលានៅក្នុងតំបន់) ។
ប្រភពប៊ីប៊ីស៊ីផ្សាយថា ចំហាយខ្យល់ព្យុះនេះ បង្កឲ្យភ្លៀងធ្លាក់ខ្លាំង លាយឡំខ្យល់កន្ត្រាក់ និងរលកសមុទ្រកម្ពស់ដល់៨ម៉ែត្រ ។ ស្ថានភាពបែបនេះនឹងកើតឡើងនៅក្នុងតំបន់ជាច្រើន ។ ឧតុនិយមក្នុងតំបន់ប្រកាសថា វាជះឥទ្ធិពលមកពីខ្យល់ព្យុះស៊ីក្លនតំបន់ត្រូពិក គឺព្យុះ Mangga ដែលមានធ្លាក់ត្រជាក់ខ្លាំង ។
មន្ត្រីនាយកដ្ឋានសង្គ្រោះបន្ទាន់ និងអគ្គិភ័យ DFES បញ្ជាក់ថា នេះជាខ្យល់ព្យុះដែលមានកើតឡើងលើកទីមួយក្នុងរយៈពេលទសវត្សរ៍ចុងក្រោយនេះ ។ ប្រភពថា ជាធម្មតា ខ្យល់ព្យុះតែងតែបក់បោកមកពីតំបន់ South West ។ ប៉ុន្តែមួយដងនេះ វាបក់បោកមកពីតំបន់ North West ។
អាជ្ញាធរក្នុងតំបន់បានអំពាវនាវពលរដ្ឋត្រូវតែប្រុងប្រយ័ត្នរក្សាទ្រព្យសម្បត្តិ និងបញ្ចៀសឲ្យបានពីហានិភ័យកើតឡើងដោយសារខ្យល់ព្យុះនេះ ។
ក្រុមអាកាសធាតុព្យាករណ៍ថា ទីតាំងរងគ្រោះធ្ងន់ធ្ងរជាងគេ ប្រហែលនៅរដ្ឋ Western Australia ។ គេបានចាត់ទុកថា នេះជាព្រឹត្តិការណ៍ដ៏កម្រដែលខ្យល់ព្យុះវាយប្រហារនៅក្នុងរដ្ឋមួយនេះ ។ ខ្យល់ព្យុះនេះ អាចនឹងវាយប្រហារនៅទីតាំងផ្សេងទៀតផងដែរ ។
គេថា ល្បឿនរបស់វាប្រហែល១០០គីឡូម៉ែត្រ ឬអាចដល់១៣០គីឡូម៉ែត្រ ក្នុងមួយម៉ោង បក់បោកនៅតំបន់ឈូងសមុទ្រ ។ តំបន់ខ្លះកម្ពស់ទឹកភ្លៀងកើនប្រហែល១០០មីល្លីម៉ែត្រ ។
ស្ថានភាពអាកាសធាតុអាក្រក់នេះផ្ទុះឡើងនៅថ្ងៃអាទិត្យ និងបន្តរហូតដល់ថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ ៕ ប្រែសម្រួលដោយ៖ thach yat