គិតត្រឹមការធ្វើតេស្តជាលើកទី ២ ក្របខណ្ឌកំពូលរបស់អង់គ្លេស Premier League បានរកឃើញ ២ករណីបន្ថែមទៀត ខណៈពេលដែលអ្នកឆ្លងសរុបកើនឡើងដល់ ៨ ករណី។
ផ្អែកតាមសេចក្តីប្រកាសរបស់ក្របខណ្ឌ Premier League បានឱ្យដឹងថា ការធ្វើតេស្តជាលើកទី ២ នេះបានធ្វើឡើងចំពោះកីឡាករ គ្រូបង្វឹក និងបុគ្គលិកក្លិបចំនួន ៩៩៦នាក់ ហើយលទ្ធផលវិជ្ជមានកូវីដ-១៩ បានមានមកលើកីឡាករ ២រូប មកពីក្លិបពីរផ្សេងគ្នាក្នុងចំណោមក្លិបទាំង ២០។ កីឡាករទាំង ២រូបនោះមិនទាន់បង្ហាញឈ្មោះជាផ្លូវការនៅឡើយទេ។
ថ្វីត្បិតក្របខណ្ឌ Premier League អនុញ្ញាតឱ្យមានការហ្វឹកហាត់ឡើងវិញក៏ពិតមែន ក៏ប៉ុន្តែចំពោះថ្ងៃបរិច្ឆេទបើកការប្រកួតឡើងវិញនៅមិនទាន់កំណត់ជាផ្លូវការនៅឡើយទេ ខណៈពេលដែលក្របខណ្ឌកំពូលដទៃទៀត ដូចជា Bundesliga របស់អាល្លឺម៉ង់ និង LaLiga របស់អេស្ប៉ាញសុទ្ធតែបានអនុញ្ញាតឱ្យបើកការប្រកួតឡើងវិញហើយ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore