ភ្នំពេញ៖ បងប្អូនខ្មែរឥស្លាមកម្ពុជា បានបញ្ចប់នូវពិធីអំណត់បួសខែរ៉ម៉ាឌនប្រកបដោយជោគជ័យ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា បានអបអរសាទរ និង សូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរល្អមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ទាំងក្នុង និងក្រៅប្រទេស។
សម្តេចតេជោ បានផ្ញើនូវក្តីនឹករលឹក និង អរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សាសន្តិភាព រួមគ្នានឹងប្រជាជនកម្ពុជា ជាពិសេសបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយគោរពអនុវត្តបាន យ៉ាងខ្ជាប់ខ្ជួនទៅតាមសារាចរណែនាំ និង សេចក្ដីណែនាំទៅតាមវិធានការនានា របស់រាជរដ្ឋាភិបាល ។
យ៉ាងក៏ដោយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែអំពាវនាវឱ្យបងប្អូន បន្តអនុវត្តតាមនូវរាល់វិធានការនានារបស់រាជរដ្ឋាភិបាល ក្នុងការការពារពីជំងឺកូវីដ-១៩នេះ ទោះបីអ្នកជំងឺកូវីដ-១៩ បានជាសះស្បើយអស់ ១២២ នាក់កន្លងមក ហើយទើបមាននាំចូល មកថ្មីពីរ នាក់ក៏ដោយគិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះ គឺយើងមិនត្រូវមានការធ្វេសប្រហែស មើលស្រាលចំពោះជំងឺឆ្លងដ៍កាចសាហាវនេះ នោះឡើយ ៕ ដោយ៖ ប៊ុនធឿន