ការិយាល័យសារព័ត៌មានសារជីវកម្មបច្ចេកវិទ្យាជាន់ខ្ពស់របស់រុស្ស៊ី (Rostec) បានប្រាប់ភ្នាក់ងារសារព័ត៌មាន Tass កាលពីថ្ងៃទី២២ ខែឧសភាថា រុស្ស៊ីបានបំពាក់ប្រព័ន្ធកាំភ្លើងធំជំនាន់ទី១ដំបូងបំផុតដ៏ទំនើប ប្រភេទ Koalitsiya-SV ដល់កងទ័ពរបស់ខ្លួន។
ប្រភពព័ត៌មានដដែល បានបញ្ជាក់ថា Koalitsiya-SV ជាកាំភ្លើងធំ ប្រភេទ១៥២មិល្លីម៉ែត្រ។ នេះក៏ជាកាំភ្លើងធំដ៏ទំនើបបំផុតមួយរបស់ប្រទេសរុស្ស៊ី ហើយវាអាចបាញ់ចេញចំនួន១០គ្រាប់ ក្នុងរយ:ពេលត្រឹមតែ១នាទី។ រីឯល្បឿនគ្រាប់រត់ចេញពីកាណុងរបស់វា ក៏លឿនជាងប្រព័ន្ធកាំភ្លើងធំដទៃទៀតផងដែរ។
ប្រភពដដែល បានបន្ថែមថា កាំភ្លើង Koalitsiya-SV ត្រូវបានផលិត និងរចនាឡើង សម្រាប់កម្ទេចអាវុធនុយក្លេអ៊ែរយុទ្ធសាស្រ្ដ, កាំភ្លើងធំ, ប្រព័ន្ធការពារកាំជ្រួច, រថក្រោះ, រថពាសដែក, សព្វាវុធប្រឆាំងរថក្រោះ, ប្រព័ន្ធការពារដែនអាកាស និងគោលដៅផ្សេងៗទៀតរបស់សត្រូវ។ កាំភ្លើងធំដ៏ទំនើបនេះ មានប្រព័ន្ធនាំផ្លូវ និងគ្រប់គ្រងស្វ័យប្រវត្ដិ ដោយអាចបញ្ជាការបាញ់ពីចម្ងាយថែមទៀតផង៕ ប្រែសម្រួលដោយ Nuon